ខេត្តកំពង់ចាម៖ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ បងប្អូនប្រជាកសិករ ឱ្យសន្សំសំចៃរក្សាទឹកទុក សម្រាប់ប្រេីប្រាស់ពេលអាកាសធាតុរាំងស្ងួត ក្នុងកូនរដូវប្រាំងឆ្នាំនេះ ពោលគឺកុំឱ្យមានការបង្ហូរទឹកចោលឱ្យសោះ ព្រោះកូនរដូវប្រាំងឆ្នាំនេះ អាចកើតឡើង នឹងអូសបន្លាយពេលយូរ។
លោកថ្លែងបែបនេះក្នុងពិធីបើកការរដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ៤ខ្សែ សរុបប្រវែង២២,៥៣គម ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកម្ពុជា នៅភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា រាជរដ្ឋាភិបាលតែងតែមានការគិតគូរ ចង់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើស្រែទទួលបានផលច្រើន និងមានតម្លៃខ្ពស់ ប៉ុន្តែកសិផលយេីងមានតម្លៃខ្ពស់ពេក កូនចៅយេីងក៏គ្មានអីហូបចុកដែរ ព្រោះអ្នកដែលធ្វើការរោងចក្រ ឬអ្នករៀនសូត្រនៅរាជធានី តែងតែទិញចំណីអាហារពីគេហូបដូចតែគ្នាហ្នឹង អញ្ចឹងហើយបានជាយេីងរៀបចំធ្វើគម្រោងពិពិធកម្ម វិស័យកសិកម្មកម្ពុជា ដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានការចំណេញ តាមរយៈការធ្វើដំណើរបានស្រួល ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម និងការដឹកកសិផលទៅកាន់ទីផ្សារ បស់ប្រជាកសិករ សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច មូលដ្ឋាន លើកកម្ពស់កម្រិតជីវភាពប្រជាជន នៅតាមជនបទ ដើម្បីបង្ខិតជនបទ ឱ្យមានជីវភាពប្រហាក់ប្រហែលនឹងទីប្រជុំជនផងដែរ។
លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យអនុវត្តការងារជួសជុល កែលំអផ្លូវសរុបជាង២២គីឡូម៉ែត្រនេះ ឱ្យធានាបានគុណភាពល្អ ដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើចរាចរដោយងាយស្រួល ដេីម្បីដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ហើយផ្លូវទាំង៤ខ្សែខាងលើនេះដែរ គឺត្រូវប្រេីប្រាស់ថវិកាអស់ប្រមាណជាង ២លានដុល្លារ និងប្រេីប្រាស់រយៈពេល១៥ខែ ដេីម្បីស្ថាបនាឱ្យបានរួចរាល់ជាស្ថាពរ ព្រោះនេះគឺជាកញ្ចប់ទី១ នៃគម្រោងជួសជុលកែលំអ ផ្លូវចំនួន ៤ខ្សែ សរុបប្រវង ២២,៥៣គ.ម ដែលមានមូលដ្ឋានស្រុកចំនួន ៤ទទួលផល គឺមានស្រុកស្ទឹងត្រង់ ស្រុកជេីងព្រៃ ស្រុកព្រៃឈរ និងស្រុកបាធាយ។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ទើបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ ជាក់ស្ដែងការស្ថាបនាពីផ្លូវដី ទៅជាផ្លូវកៅស៊ូខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បម្រើឱ្យការធ្វើដំណើរ។
អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារសុខសន្តិភាព ឱ្យបាននៅគង់វង្ស ស្ថិតស្ថេរជារៀងដរាប ដេីម្បីបន្តការអភិវឌ្ឍរីកចម្រើនទៅមុខទៀត ជាពិសេសសូមដឹកនាំបងប្អូនកូនចៅ និងញាតិមិត្តជិតខាង អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ផងដែរ៕ដោយនាគខៀវ