ចាប់ខ្លួនវៀតណាម ម្នាក់នៅក្រុងសៀមរាប ករណី ឆបោក

ចាប់ខ្លួនវៀតណាម ម្នាក់នៅក្រុងសៀមរាប ករណី ឆបោក

ខេត្តសៀមរាប៖ជនជាតិវៀតណាមម្នាក់ ត្រូវបាន
សមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនបញ្ជូនខ្លួន
ទៅសាលាដំបូងខេត្តសៀមរាបពាក់ព័ន្ធ ករណី ឆបោក។

ជនសង្ស័យ ឈ្មោះ ឡេវ ទេវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថា
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី នៅចំណុចចំណតរថយន្ត មុខ ប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យ ឈ្មោះ ឡេវ ទេវ (និងបក្ខពួក) បានប្រាប់ទៅជនរងគ្រោះ ឈ្មោះ ស៊ិន សូភី ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ថា៖ រូបគេស្គាល់អ្នករកស៊ីនៅប្រទេសថៃ មានប្រាក់ដុល្លារជាច្រើន គេត្រូវការយកប្រាក់នោះមកប្តូរប្រាក់បាត ដោយមានប្រាក់ចំនួន ៥០.០០០$ (ប្រាំមុឺនដុល្លារអាមេរិក) យកមកប្តូរប្រាក់បាត ចំនួន ១.២០៥.០០០B (មួយលានពីរសែនប្រាំពាន់បាត)។

នគរបាលបន្តថាដោយជនរងគ្រោះមយល់ឃើញថា ចំណេញខ្ពស់បែបនេះ ជនរងគ្រោះក៏បានយកប្រាក់ដុល្លារបស់ខ្លួនចំនួន ៣៦.០៥៤$ (បីមុឺនប្រាំមួយពាន់ហាសិបបួនដុល្លាអាមេរិក) ទៅដូរយកប្រាក់ បាតបានចំនួន ១.២០៥.០០០B (មួយលានពីរសែនប្រាំពាន់បាត) លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបាននាំជនរងគ្រោះមទៅជួបភាគីម្ចាស់ប្រាក់ដុល្លារ ដែលមានជនជាតិថៃ ម្នាក់
និងជនជាតិខ្មែរ ០២នាក់ ពេលនោះពួកគេក៏បានប្ដូរកញ្ចប់ប្រាក់គ្នា ហើយក្រុមជនសង្ស័យ បានលួចប្តូរកញ្ចប់ប្រាក់ដុល្លាក្លែងក្លាយ ឲ្យមកជនរងគ្រោះ និងបានជិះរថយន្តគេចខ្លួនបាត់តែម្ដង។  ជនរងគ្រោះក៏បានបើកកញ្ចប់ ប្រាក់នោះមើលម្តងទៀត ទើបដឹងថាជាប្រាក់ដុល្លារក្លែងក្លាយ (កញ្ចប់ប្រាក់ត្រូវបានគេលួចប្តូរ) ហើយក៏បានឃាត់ខ្លួនឈ្មោះ ឡេវ ទេវ ប្រគល់ជូនសមត្ថកិច្ចតែម្ដង។

ករណីនេះដកហូតវត្ថុតាងរួមមាន៖ក្រដាសប្រាក់ដុល្លារក្លែងក្លាយ ប្រភេទក្រដាស ១០០ដុល្លា ចំនួន ១០.១៥០.០០០សន្លឹក កាតធនាគារវីង១ និងទូរស័ព្ទ១គ្រឿង៕ដោយនាគខៀវ