លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាឲ្យសមត្ថកិច្ចមន្ត្រីពាក់ព័ន្ធធ្វើការបង្ក្រាបឱ្យខាងតែបាន ចំពោះក្រុមក្មេងទំនើង ដែលតែងបង្កនូវភាពអសន្តិសុខនៅតាមមូលដ្ឋាន។
លោក ទៀ សីហា ក៏បានជំរុញដល់គណៈអភិបាលក្រុង/ស្រុកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និង ការបែងចែកក្នុងការដោះស្រាយការងារក្នុងមូលដ្ឋានខ្លួនឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានក្រុង ស្រុកនីមួយៗ គឺមានការងារច្រើនត្រូវដោះស្រាយ។ ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខទាំងអស់ ដែលផ្ទុយពីគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព។
លោកក៏បានប្រាប់ដល់រដ្ឋបាលក្រុង ស្រុក ត្រូវមានកិច្ចសហការល្អជាមួយ អង្គការសង្គមស៊ីវិលនិងដៃគួរអភិវឌ្ឍន៍ រួមទាំងវិស័យឯកជន ព្រមទាំងជម្រុញដល់ប្រជា ពលរដ្ឋ ចូលរួមក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីធ្វើការកែប្រែសោភណ្ឌភាព នៅតាមបណ្តាក្រុង ស្រុកគោលដៅលើការដាំដុះ ដើមឈើឱ្យក្លាយជាជម្របបៃតង ក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត សំខាន់កសិកម្មទេសចរ។ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវបបង្កើនការអប់រំ ផ្សព្វផ្សាយ ជម្រុញប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានទៅកាន់គ្រប់ការិយាល័យបោះឆ្នោត ព្រមទាំងធ្វើការលើកកម្ពស់ការ ងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន ដោយអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ការបញ្ជាបែបនេះក្នុងឱកាសអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអភិបាលរងក្រុង/ស្រុក និងនាយករដ្ឋបាលសាលាស្រុក នៃខេត្តសៀមរាប នៅថ្ងៃសុក្រម្សិលមិញ៕ដោយនាគខៀវ