ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈចំពោះសព លោកវរសេនីយ៍ត្រី យាន ប៊ុនទី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្របីរៀល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣:១៥នាទី ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។
លោកឧត្តមសេនីយ៍ត្រី អៀង មករា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈចំពោះសព លោក យាន ប៊ុនទី នៅថ្ងៃសុក្រ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះដោយមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលក្រុងសៀមរាប និងមន្រ្តីផងដែរ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងថវិកា ដែលចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន ៣.២០០.០០០៛ (បីលានពីរសែនរៀល) និងគ្រឿងឧបភោគបរិភោគ មួយចំនួនប្រគល់ជូនក្រុមគ្រួសារ នៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទិ្ទសដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ យាន ប៊ុនទី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ដោយនាគខៀវ