លោក ហ៊ុន ម៉ានី នាំយកថវិកាបានមកពីកម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់អង្គរសង្ក្រាន្ត ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកថវិកាចំនួន ៤១,៨០០,០០០ រៀល ដែលបានមកពីកម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់អង្គរសង្ក្រាន្ត កាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣ ទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ថវិកាទាំងនេះ បានមកពីការលក់សំបុត្រ និងអាវយឺតនៅក្នុងកម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត រួមទាំងការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនជាច្រើនរូប។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការកៀរគរថវិកា ពីសប្បុរសជននានា ឱ្យចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ – Angkor Hospital for Children ក៏ដូចជាការបំផុស​ឲ្យ​ប្រជាពលរដ្ឋ​ ចូលរួម​លេង​កីឡា​ ផ្តល់ឱកាសដល់អត្តពលិក ក្នុងការបង្ហាញពីទេពកោសល្យ និងសមត្ថភាពបច្ចេកទេស របស់ពួកគេ លើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឱ្យកាន់តែមានសក្ដានុពល និងការត្រៀមខ្លួនជាស្រេចសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។

គួរបញ្ជាក់ថា កម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត ដោយទទួលបាននូវការចូលរួមយ៉ាងច្រើនកុះករ ដែលមានអនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនប្រមាណ ១៤០០ នាក់៕ដោយនាគខៀវ