ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ០៩រូបសច្ចាប្រណិធាន ចូលកាន់តំណែង ក្នុង ព្រះបរមរាជវាំង បន្ទាប់ពីត្រូវបានតែងតាំង។
នៅរសៀលថ្ងៃទី៣០ ខែមីនាម្សិលមិញ
នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ពិធីសច្ចាប្រណិធានចូលកាន់តំណែងត្រូវបានប្រារព្ធធ្វើ ចំពោះព្រះបរមឆាយាលក្ខណ៍ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះភ័ក្រ្តនៃសម្តេចព្រះមហាសង្ឈរាជទាំងពីរគណៈ និងទេវតាថែរក្សាព្រះមហាសេ្វតច្ឆត្រ នៃឥស្សរជនជាតិក្រោយទទួលបានព្រះរាជក្រឹត្យ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យកែសម្រួលតែងតាំងសមាសភាពរដ្ឋមន្ត្រីថ្មី ក្នុងនោះតែងតាំងឥស្សរជនជាទេសរដ្ឋមន្ត្រីចំនួន៥រូប ព្រមទាំងកែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រីថ្មីចំនួន០៤រូប តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្រាប់តំណែងជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស មានឥស្សរជន ៤រូប រួមមាន លោក ហ៊ឹម ឆែម ,លោក អង្គ វង្សវឌ្ឍានា , លោក ត្រាំ អ៉ីវតឹក និង លោក ពេជ្រ ប៊ុនធិន ដោយឡែក លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងនោះដែរ ក៏មានរដ្ឋមន្ដ្រីថ្មី ចំនួន ៤រូប គឺ៖
០១.លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
០២.លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
០៣.លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។
និង០៤.លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕SRP