លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤ សម្រាប់ប្រទេសកម្ពុជា។ ដូច្នេះហើយក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ត្រូវតែមានភាពច្បាស់លាស់ ទៅលើសក្ដានុពល ក្នុងខេត្តអ្វីខ្លះដែលយើងកំពុងមាន ឬ តម្រូវការអ្វីខ្លះដែលយើងកំពុងខ្វះខាត និងកំពុងមានតម្រូវការសម្រាប់ថ្ងៃមុខ យើងត្រូវប្រាកដថាតើខេត្តបាត់ដំបង មានចំណុចអ្វីដែលពិសេសសម្រាប់ទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងខេត្តបាត់ដំបង។
លោកសុខ លូ បានបន្តទៀតថា កត្តាទាំងអស់នោះហើយ យើងត្រូវចាប់ឱ្យបានច្បាស់លាស់ នូវទិន្នន័យសំខាន់ៗឧទាហរណ៍ថា សម្រាប់វិស័យទេសចរណ៍ មានចំនួនសណ្ឋាគារ ភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម មានចំនួនប៉ុន្មាននៅក្នុងខេត្ត ផលិតផលកសិកម្មអ្វីខ្លះ ដែលកំពុងមានសក្ដានុពល នៅក្នុងខេត្ត ឬក៏នៅក្នុងវិស័យឧស្សាហកម្ម មានរោងចក្រ សិប្បកម្ម សហគ្រាសប៉ុន្មាន ដែលកំពុងដំណើរការនៅក្នុងខេត្តបាត់ដំបង ។ល។ គឺត្រូវធ្វើយ៉ាងណាឱ្យមានទិន្នន័យច្បាស់លាស់។
លោកសុខ លូ បានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង យើងត្រូវក្ដាប់ឱ្យបានអំពីសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបង ថាចំណូលប្រចាំឆ្នាំចំនួនប៉ុន្មាន ក្នុងនោះត្រូវក្ដាប់ឱ្យបាននូវចំណូលរបស់កម្មករ កម្មការិនីចំនួនប៉ុន្មានជាមធ្យមប្រចាំឆ្នាំ ឬចំណូលរបស់ប្រជាពលរដ្ឋ ក្នុងខេត្តចំនួនប៉ុន្មាន មិនត្រឹមតែប៉ុណ្ណោះទេ ក៏ត្រូវក្ដាប់ឱ្យបាននូវ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តបាត់ដំបង មានអ្វីខ្លះដូចជា ប្រព័ន្ធធារាសាស្រ្ដ ផ្លូវថ្នល់ក្នុងខេត្ត ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងខេត្តផងដែរ។
លោក សុខ លូ លើកឡើងយ៉ាងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាព សក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តបាត់ដំបង នៅថ្ងៃអង្គារម្សិលមិញ។
គួរបញ្ជាក់ផងដែរថា ខេត្តបាត់ដំបង ជាខេត្តដែលស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋ សរុប ១,៣៦៤,៨៧៣នាក់ ក្នុងនោះខេត្តបាត់ដំបង ជាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ដែលមានច្រកទ្វារអន្តរជាតិចំនួន២ គឺច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និងច្រកទ្វារអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតក្នុងស្រុកសំពៅលូន ព្រមទាំងច្រកទ្វារតំបន់ព្រំដែនចំនួន៣ ដែលបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជូនដំណាំកសិផល និងផលិតផលនានា ទៅប្រទេសថៃផងដែរ។ មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់សំខាន់ៗ ខ្វាត់ខ្វែងទេ ខេត្តបាត់ដំបង ក៏ជាខេត្តដែលមានសក្ដានុពលសំខាន់ៗជាច្រើនផ្នែក សម្រាប់ទាក់ទាញអ្នកវិនិយោគ ឱ្យមកវិនិយោគនៅក្នុងខេត្តបាត់ដំបង និងធ្វើឱ្យកំណើនជីវភាពប្រជាពលរដ្ឋ ក៏កាន់តែកើនឡើង និងកាន់តែរីកចម្រើនទៅមុខផងដែរ៕ដោយនាគខៀវ

