ខេត្តកំពង់ចាម៖លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា “សម័យតេជោសន្តិភាព” ដែលបានចាប់កកើតឡើងពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជា មានសន្តិភាពពេញលេញ ឯកភាពទឹកដី និងឯកភាពជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ តែមួយ ព្រមទាំងរាជរដ្ឋាភិបាលតែមួយ បន្ទាប់ពីជម្លោះបែកបាក់ អស់រយៈកាលជាង ៥០០ ឆ្នាំ នៅក្នុងដានប្រវត្តិសាស្ត្ររបស់កម្ពុជា។ ទាំងនេះ គឺជាអ្វីដែល សម្តេចតេជោ និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានប្រកបដោយវីរភាពលះបង់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំង ១៧លាននាក់។
លោកថ្លែងបែបនេះក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាកម្រង និងសមិទ្ធផលនានា ក្នុងវត្តកែវមុនី (ហៅវត្តថ្មី) ស្ថិតនៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅរសៀលថ្ងៃអង្គារម្សិលមិញ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា និងមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានផ្តល់ការគោរព និងបដិបត្តិតាមបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖
ទី១. ជាតិ គឺទឹកដី និងប្រជាជន ដែលក្នុងនេះ គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅផងដែរ, ទី២. សាសនា គឺការសង្គ្រោះវិស័យសាសនាឱ្យរស់ឡើងវិញនៅក្រោយរបបប៉ុលពត និងការលើកស្ទួយវិស័យសាសនាឱ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយសុខដុមនីយកម្ម ដើម្បីសេចក្តីសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ, ទី៣. គឺព្រះមហាក្សត្រ ដោយក្នុងនេះ ថ្នាក់ដឹកនាំគណបក្សបានចូលរួមតស៊ូក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់អង្គអតីតព្រះមហាក្សត្រ ជាពិសេសនៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ គណបក្សប្រជាជនកម្ពុជាបានចូលរួមបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ និងបន្តគោរពប្តូរផ្តាច់ការពារយ៉ាងម៉ឺងម៉ាត់រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត៕ដោយនាគខៀវ

