លោកយឹម ឆៃលី ប្រាប់​ ក្រុម​ការងារ​បក្ស​​ស្រុក​ព្រៃឈរ​ ត្រូវ​​ក្តាប់​ឱ្យ​ជាប់​ អំពី​គោលនយោបាយ​ ជា​យុទ្ធសាស្ត្រ​​ និង​​ផែនការ​សកម្មភាព​ ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​

ខេត្តកំពង់ចាម​៖លោកយឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានថ្លែង​ប្រាប់​ ប្រធាន​ អនុប្រធាន​ ក្រុម​​​បក្ស​ទូទាំង​ស្រុក​ព្រៃឈរ​ ត្រូវ​​ក្តាប់​ឱ្យ​ជាប់​អំពី​គោលនយោបាយ​ ជា​យុទ្ធសាស្ត្រ​របស់​ គណបក្ស​ប្រជាជន​ និង​​ក្តាប់​ឱ្យ​បាន​​ផែនការ​សកម្មភាព​ ដ៏​ត្រឹមត្រូវ​របស់​ គណបក្ស​ខេត្ត​ រួម​នឹង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ធ្វើ​កន្លង​មក​ប្រកប​ដោយ​ភាព​​ជោគជ័យ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងស្រុក​ព្រៃឈរ​ ប្រមាណ​ជាង​៨០០០នាក់ មកពីឃុំចំនួន១៥ នៅថ្ងៃអាទិត្យនេះ។

លោក យឹម ឆៃលី បានថ្លែងថា​ ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុត លើការដឹកនាំ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាម នៅកម្ពុជា តាមនយោបាយឈ្នះ ឈ្នះ នាំប្រទេសជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាល ដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លា ដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូប ដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង​ នេះគឺជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន​។

លោក យឹម ឆៃលី​ បានថ្លែង​ប្រាប់​ ប្រធាន​ អនុប្រធាន​ ក្រុម​​​បក្ស​ទូទាំង​ស្រុក​ព្រៃឈរ​ថា​ ចំពោះ​​គោលនយោបាយ​ យុទ្ធសាស្ត្រ​​របស់​ គណបក្ស​ ត្រូវ​ក្តាប់​ឱ្យ​បាន​​ច្បាស់​​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​មួយ​ ដែល​មាន​បទពិសោធន៍​ គ្រប់គ្រាន់​ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា​ គឺ​ការ​បោះឆ្នោត​៥ឆ្នាំ​ម្តង​ ប្រកបដោយភាពជោគជ័យ និង​សូម​ឱ្យ​បន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ង ធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និង ដំណើរការបោះឆ្នោតនៅកម្ពុជា​ផងដែរ​៕ដោយនាគខៀវ