សម្តេចហ៊ុន សែន «សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយ របស់ប្រទេសណាទាំងអស់»

សម្តេចហ៊ុន សែន «សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយ របស់ប្រទេសណាទាំងអស់»

ថ្លែងនៅមុខ កម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា «សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់»។

សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។

សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាយើង ក្នុងរង្វង់៤លាននាក់ ហើយតាមរយៈកំណើននេះ ការផ្ដល់សេវាកម្មលើផ្នែកបដិសណ្ឋារកិច្ចនឹងមានកំណើនកើនឡើងផងដែរ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវពង្រឹងភាពធន់ ក្នុងការផ្ដល់សេវានានាលើផ្នែកបដិសណ្ឋារកិច្ចនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយ គាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺគេបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។

សម្តេចហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដី ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើតជាវេទិកា ក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់ជាបន្តបន្ទាប់ទៀត៕ដោយនាគខៀវ