សម្ដេចតេជោ៖ លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះកម្ពុជា ចាយមិនអស់នោះទេ ពាក់ព័ន្ធនឹងការរៀបចំស៊ីហ្គេមឆ្នាំ២០២៣នេះ

សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះកម្ពុជាចាយមិនអស់នោះទេ ពាក់ព័ន្ធនឹងការរៀបចំស៊ីហ្គេមឆ្នាំ២០២៣នេះ។

សម្តេចតេជោ ក៏បានឱ្យគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៏ រៀបចំឆ្លាក់ទុកនូវព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានឈ្នះឈ្នះ ដើម្បីចារទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្តេចហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរសៀល ថ្ងៃសុក្រនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងរបស់បងប្អូនជនពិការភាព ទាំងអស់ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់បំផុត។ សម្តេចតេជោបានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជាទាំងអស់ នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោក៏បានផ្ដាំដល់អត្តពលិកប្រកួតក្នុងព្រឹត្តិការណ៍​អាស៊ានប៉ារ៉ាហ្គេមទាំងអស់ត្រូវចង់ចាំថា ខ្លួនប្រកួតតំណាងឱ្យប្រជាជន១៧ លាននាក់នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំ​ប្រកួតឱ្យអស់​ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវ​ទៅតាមលក្ខខ័ណ្ឌនៃការប្រកួត។

សម្តេចតេជោ ក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកទាំងអស់ក្នុងម្នាក់ៗទទួលបាន ៥០០ ដុល្លារ ជាការលើកទឹកចិត្ត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាករកីឡារិនីទាំងអស់ អោយទទួលបានជោគជ័យក្នុងការប្រកួត ព្រមទាំងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

សូមជម្រាបថាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕ដោយនាគខៀវ