លោកគង់ ប៊ីប អះអាងថា បានជំពាក់លុយគេមែន នឹងព្រមសងហើយ ប៉ុន្តែម្ចាស់មិនទទួល

0

លោកគង់ ប៊ីប ថៅកែដីឡូតិ៍ បានអះអាងថា ពិតជាបានជំពាក់លុយគេមែន ហើយរូបលោកបានសងទៅម្ចាស់បំណុលដែរ ប៉ុន្តែម្ចាស់បំណុលពុំទទួលយក ដោយរូបលោក ពុំបានគេចវេសមិនសងនោះឡើយ។

ការអះអាងរបស់លោកគង់ ប៊ីប បែបនេះ ក្នុងពេលជួបបំភ្លឺជាមួយ សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃសុក្រនេះទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

បើយោងតាមលិខិត(កិច្ចពមព្រៀងបញ្ចប់វិវាទ)ដែលផ្ដល់ជូនសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ បានបង្ហាញថា៖

ខ្ញុំបាទឈ្មោះ គង់ ប៊ីប ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ក្ដោប រ៉ន ភេទប្រុស អាយុ ៦៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប – សុខចិត្តប្រគល់ប្រាក់ថ្លៃជំពាក់ចំនួន ៥០.០០០(ប្រាំម៉ឺន)ដុល្លារអាមេរិក ឲ្យទៅឈ្មោះ ជា គឹមឆែហៅ ស៊ីន ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបង់រំលោះជា ពីរដំណាក់កាល ដើម្បីបញ្ចប់វិវាទនិងគ្នាដូចមាននៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ០៤៣ ចុះថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍បាត់ដំបង ចាប់ពីពេលនេះតទៅ ។ ដំណាក់កាល ទី១ សុំសងប្រាក់ចំនួន ១០.០០០(មួយម៉ឺន)ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និង ដំណាក់កាលទី២ សុំសងប្រាក់ចំនួន ៤០.០០០(បួនម៉ឺន)ដុល្លារអាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយចេញជាមូលប្បទានបត្រ(សែក) ប្រសិនបើដល់ថ្ងៃកំណត់សង ខ្ញុំបាទទាំងពីរនាក់ មិនព្រមសងតាមកិច្ចព្រមព្រៀងនេះទេ ប្រាក់ដែលពួកខ្ញុំបានសងចំនួន ១០.០០០ (មួយម៉ឺន)ដុល្លារ អាមេរិកនេះចាត់ទុកជាអសារបង់ នឹងសុខចិត្តសងប្រាក់ចំនួន ១១៩,៦១៣.៧ (ដប់មួយម៉ឺនប្រាំបួន ពាន់ប្រាំមួយរយដប់បីចុចប្រាំពីរ)ដុល្លារអាមេរិក ដដែល។

ខ្ញុំបាទឈ្មោះ ជា គឹមឆែ ហៅ ស៊ីន សុខចិត្តទទួលប្រាក់ជំពាក់ពីឈ្មោះ គង់ ប៊ីប និង ឈ្មោះ ក្ដោប រ៉ន ចំនួន ៥០.០០០(ប្រាំម៉ឺន)ដុល្លារអាមេរិក ដូចមាននៅក្នុងសំណុំរឿងរដ្ឋ ប្បវេណីលេខ ០៤៣ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍បាត់ដំបង ចាប់ពីពេល នេះតទៅ ដើម្បីបញ្ចប់វិវាទនិងគ្នាចាប់ពីពេលនេះតទៅ និងសុខចិត្តទទួលយកតាមការសងជា ដំណាក់កាលតាមការស្នើសុំខាងលើនេះ។

ក្រែងពុំប្រាកដ យើងខ្ញុំសុខចិត្តចុះហត្ថលេខា និងផ្តិតស្នាមមេដៃស្ដាំទុកជាភស្តុតាង។ ធ្វើនៅសាលាឧទ្ធរណ៍បាត់ដំបង ,ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ជុំវិញករណីនេះ លោក គង់ ប៊ឹប បានអះអាងថា ដំណាក់កាល ទី១ រូបលោកបានសងប្រាក់ចំនួន ១០.០០០ (មួយម៉ឺន) ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឲ្យទៅ ឈ្មោះ ជា គឹមឆែ ហៅ ស៊ីន ដោយ១ម៉ឺនដុល្លារនោះ ជាលុយរបស់លោកផ្ទាល់។ ចំណែកទឹកប្រាក់ដែលត្រូវសងដំណាក់កាលទី ២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ចំនួន៤ម៉ឺនដុល្លារទៀត ចំពោះរូបលោកត្រូវសងតែ ចំនួន១៥០០០ដុល្លារបន្ថែម គ្រប់២៥០០០ដុល្លារ នៅសល់២៥០០០ដុល្លារ ជាចំណែករបស់លោកក្អោប រ៉ន ប៉ុន្តែ លោកជា គឹមឆែ ហៅ ស៊ីន មិនទទួលនូវទឹកប្រាក់ចំនួន១៥០០០បន្ថែមនោះ ធ្វើឲ្យរឿងនេះអស់កន្លាយដល់បច្ចុប្បន្ន។

សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីរ លោកក្អោប រ៉ន បាននៅឡើយទេដោយទូរស័ព្ទនៅក្រៅសេវា។

ទោះជាយ៉ាងណា លោក ជា គឹមឆែ ហៅ ស៊ីន បានអះអាងបន្ថែមថា លុយជំពាក់សល់ចំនួន ៤ ម៉ឺនដុល្លារ ជារឿងរបស់លោកគង់ ប៊ឹប ព្រោះក្នុងលិខិតកិច្ចសន្យាបញ្ចប់វិវាទនោះ មិនបានបញ្ជាក់ចំណែកពីរនោះទេ៕ដោយនាគខៀវ