អភិបាលខេត្តកំពង់ចាម បានលេីកឡើងថា ការចុះពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋានផ្ទាល់នាឱកាសនេះ គឺដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ជីវភាព ក្នុងគ្រួសារពុកម៉ែ បងប្អូន ដោយមិនត្រូវចំណាយពេលវេលា និងថវិកាទៅពិនិត្យព្យាបាលជម្ងឺ នៅមន្ទីរពេទ្យរដ្ឋ ឬគ្លីនិចឯកជនឡេីយ។
អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា ក៏បានថ្លែងថា ក្រៅពីការងារបម្រើសេវាសាធារណៈ យើងត្រូវគិតគូរអំពីសុខភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដេីម្បីលេីកស្ទួយដល់កម្រិតជីវភាពរស់នៅ ក៏ដូចជាកាត់បន្ថយការចំណាយ ទៅលើសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ឬគ្លីនីចឯកជនផងដែរ។
លោកថ្លែងបែបនេះ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងព្រះមន្រ្តីសង្ឃ នៅសាលាបឋមសិក្សាបឹងបាសាក់ ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃពុធនេះ។
អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ក្រោមការឧបត្ថម្ភគាំទ្រពី លោក ហ៊ុន ម៉ានិត ដែលសុទ្ធសឹងតែជាអ្នកមានជំនាញបទពិសោធន៍ ច្បាស់លាស់ ទទួលការបណ្តុះបណ្តាល ឬការសិក្សាទាំងក្នុង និងក្រៅប្រទេស ហើយលះបង់ពេលវេលា ចុះជួយពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ និងមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
អភិបាលខេត្តបានបន្តថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីង មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ តាមរយៈការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ដូច្នេះសូមឱ្យលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ឱ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ ជាពិសេសការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកវេជ្ជបណ្ឌិត សៅ សំបូរ បានឱ្យដឹងថា ការពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងព្រះមន្រ្តីសង្ឃ នៅវត្តបុទុមរតន:ដីដុះ នេះ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៩នាក់ ក្នុងនេះ ផ្នែកពិនិត្យជំងឺទូទៅចំនួន១៨នាក់ ផ្នែកពិនិត្យ និងដកធ្មេញ ៨នាក់ ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី នាយកសាលា មធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួល ការងាររបស់សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចំនួន ៧នាក់ទៀត។ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺ គឺចាប់ពីម៉ោង ៨.៣០ នាទីព្រឹក រហូតដល់ម៉ោង ២រសៀល៕ដោយនាគខៀវ

