អភិបាលខេត្តកំពង់ចាម​៖​ សុខភាព​ល្អ​ ផ្លូវ​ចិត្ត​ល្អ​ អាយុ​យឺនយូរ​ ដូច្នោះត្រូវ​រួម​គ្នា​គិតគូរ​ អំពីសុខភាព ពលរដ្ឋរបស់យើង

ខេត្តកំពង់ចា៖អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ចាត់ទុកថា​ សុខភាព​ល្អ​ ផ្លូវ​ចិត្ត​ល្អ​ អាយុ​យឺនយូរ​ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​គិតគូរ​អំពី​សុខភាព​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើយ៉ាងណា​ឱ្យ​​​សុខភាព​ទាំង​​ផ្លូវ​កាយ​ និង​សុខភាព​ផ្លូវ​ចិត្ត​ ល្អ​ប្រសើរ​ឡើង​ទាំងទ្វេ​។

លោកថ្លែង​បែបនេះ​ក្នុង​ឱកាសលោកដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះពិនិត្យ​ ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅវត្តបុទុមរតន:ដីដុះ​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ក្រុងកំពង់ចាម​ នៅថ្ងៃ​ពុធនេះ។

អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម​ សរុប​ចំនួន​២៩នាក់​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​​ បាន​ចុះ​ពិនិត្យ​ ព្យាបាល​ជម្ងឺ​​ដោយ​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​​ ដេីម្បី​ជាការ​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​ របស់​បងប្អូន​ នៅ​ពេល​ដែល​មាន​ជម្ងឺ​ឈឺថ្កាត់​ ដោយមិន​ចាំបាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឃ្លីនីច​​​ឯកជន​ណាមួយ​ ពោលគឺការ​ពិនិត្យ​ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡេីយ​។

អភិបាលខេត្ត​ បាន​បន្ត​ថា​ សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីង​ មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាតិ​ ឱ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ ឥតឈប់ឈរ​ តាម​រយៈ​ការផ្សះផ្សាជាតិ​ បង្រួបបង្រួមជាតិ​ ដូច្នេះ​សូម​ឱ្យ​លោកយាយ​ លោកតា​ ​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ​ ឱ្យ​បាន​គង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ជាពិសេស​ការ​លើកស្ទួយ​ជីវភាព​ រស់នៅ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ផងដែរ​​។

លោកវេជ្ជបណ្ឌិត សៅ សំបូរ បានឱ្យដឹងថា​ ការពិនិត្យ​ ​និង​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅវត្តបុទុមរតន:ដីដុះ​ នេះ​ គឺ​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តសាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៩នាក់ ក្នុងនេះ ផ្នែកពិនិត្យជំងឺទូទៅចំនួន១៨នាក់ ផ្នែកពិនិត្យ​ និងដកធ្មេញ ៨នាក់ ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី​ នាយកសាលា មធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩​ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួល ការងាររបស់សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម​ ចំនួន ៧នាក់ទៀត។​ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺ​ គឺចាប់ពីម៉ោង ៨.៣០ នាទី​ព្រឹក​ រហូតដល់ម៉ោង ២រសៀល​៕ដោយនាគខៀវ