នគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនមនុស្ស២នាក់ ករណីប៉ុនប៉ងឃាត..កម្ម ដោយ លើជនជាតិញ៉ូសាឡែន ថៅកែ អាកាឌៀ

មនុស្សពីរនាក់ប្រើប្រាស់អាវុធខ្លី និងកាំបិតចុងស្រួច ករណីប៉ុនប៉ងឃាតកម្មលើជនជាតិញ៉ូសាឡែន ថៅកែ អាកាឌៀ កាលពីចុងខែមេសា ឆ្នាំ២០២៣ ខេត្តកំពត ត្រូវបានចាប់ខ្លួន។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចវត្តបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងនៅមុខលោកតាដំបងក្រញូង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យ ១៖ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស ស្នាក់នៅផ្ទះជួលភូមិដីឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (ជាជនដៃដល់)។

២៖ ឈ្មោះ ទីវ ហុកឡាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងរថយន្ដ ស្នាក់នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ វត្ថុតាងដែលបានដកហូត រថយន្ដ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2AA-5628។

សូមរំលឹកថាកាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២២៖២០នាទី មានករណីប៉ុនប៉ងឃាតកម្ម (អាវុធខ្លី និងកាំបិតស្រួច) នៅចំណុចផ្ទះជួលគ្រូហ៊ាន់ ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះ ឈ្មោះ MCCOMB GEOFFREY BRENT ភេទប្រុស ជនជាតិញ៉ូសាឡែន ជាថៅកែ អាកាឌៀ ស្នាក់នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកកំពត រងរបួស៤កន្លែង ដោយវត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ រួមមាន៖ បង់កាំភ្លើងចំនួន១, គ្រាប់កាំភ្លើងខ្លីមួយចំនួន និងកាំបិតចុងស្រួច១ដើម។

បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះ បានមកដើរលេង នៅក្រុងកំពត ជាមួយមិត្តស្រី លុះចូលដល់ផ្ទះភ្លាម ត្រូវបានជនសង្ស័យមួយក្រុម បានកាត់សោរផ្ទះ របស់ជនរងគ្រោះ រួចចូលក្នុងផ្ទះដើម្បីចាំទារលុយ ប៉ុន្តែជនរងគ្រោះ មិនព្រមសង ក៏បានប្រកែកគ្នារហូតឈានដល់ទាស់ពាក្យសម្ដី ពេលនោះក្រុមជនសង្ស័យ បានដកកាំភ្លើងខ្លី និងដំបងខ្លីធ្វើសកម្មភាព វាយនិងបាញ់ទៅលើជនរងគ្រោះ ចំចំណុច ភ្លៅធ្លាយដល់គូត បន្ទាប់មកក្រោយធ្វើសកម្មភាពរួច បានជិះរថយន្ត១គ្រឿង មិនស្គាល់ម៉ាកគេចខ្លួនបាត់តែម្ដង។

សូមជម្រាបថាប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ការបង្រាបនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ នគរបាលខេត្តបាត់ដំបង, នគរបាលខេត្តពោធិ៍សាត់និងនគរបាលខេត្តកំពត។

បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនស្នងការដ្ឋានខេត្តកំពត ជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកបក្ខពួកបន្តទៀត៕SRPដោយនាគខៀវ