អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ការ​សាងសង់​ដំបូលផ្សារ​ធំ​ និងសំណេះសំណាលជាមួយអាជីវករ

អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ការ​សាងសង់​ដំបូលផ្សារ​ធំ​ និងសំណេះសំណាលជាមួយអាជីវករ

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នៅថ្ងៃពុនេះ​​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់​ដំបួល​ផ្សារ​ និង​ជួប​សំណេះសំណាល​ ជាមួយអាជីវករ​ផ្សារ​ធំ​​ ក្រុងកំពង់ចាម​ ដេីម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​លក់ដូរ​ប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ​​​​ ។

គួរ​បញ្ជាក់ផងដែរ​ថា​ បន្ទាប់ពី​មើលឃើញ​នូវការលំបាករបស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ អភិបាលខេត្ត រូបនេះ បានអនុញ្ញាត ឲ្យមន្ត្រីជំនាញសិក្សា និងរៀបចំការសាងសង់ដំបូលផ្សារផ្សារ​ធំ​ ក្នុង​ទំហំ​ប្រមាណ​ជាង​ ​៣០០០មែត្រការ៉េ ដែល​មាន​ជាង​ ៣០០តូប​លក់​ដូរ​ ដើម្បីកែលំអរបរិយាកាស នៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ទាំងអាជីវករ និងបងប្អូនប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់ថា​ ​ផ្សារ​ទាំង​៣ ក្នុង​ក្រុង​កំពង់ចាម​ គឺផ្សារ​ធំ​ ផ្សារ​បឹង​កុក​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រង ដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​ មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្ត របស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដា គឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះ ទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ថែមទៀត៕SRP