ទីបំផុតឃា..តករ..សម្លា..ប់យុវជនម្នាក់ នៅក្រុងសៀមរាប កាលពីឆ្នាំមុនត្រូវបានចាប់ខ្លួន

នៅទីបំផុតឃាតករដែលបានសម្លាប់យុវជនម្នាក់កាលពីឆ្នាំ ២០២២ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាបចាប់ខ្លួននៅថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃនេះថា លោកវរសេនីយ៍ឯកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ បានដឹកនាំដោយផ្ទាល់ ឈានដល់បង្ក្រាបតែម្តងជនដៃដល់សម្លាប់មនុស្សកាលឆ្នាំមុន។

ការឃាត់ខ្លួនធ្វើឡើងផ្អែកតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនលេខៈ១១៧ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ចេញដោយលោកស្រី វែង មួយគី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថា ពិរុទ្ធជនឈ្មោះ សឿន វិត  ហៅក្រៅ ចាន់ វិត ភេទប្រុស អាយុ ២១ឆ្នាំ កំណើតនៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ស្រុកសៀមរាប  ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ពិរុទ្ធជនខាងលើត្រូវបានចោទប្រកាន់ ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង២២:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

ករណីនេះយើងនឹងបញ្ជូន ឃាតករ ទៅសាលាដំបូងព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២៣ ជាកំហិត។

បើតាម លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ករណីនេះ លោកវរសេនីយ៍ឯកសុខ ម៉េងអ៊ាហ ទទួលបានលទ្ធផលបង្ក្រាប បានជាបន្តបន្ទាប់ នេះដោយសាររូបលោកនិងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តែងតែព្យាយាមស្រាវជ្រាវ ស្វែងរកចាប់ខ្លួនឃាតករ មិនដែលអាក់ខានឡើយ ព្រោះរូបលោកនិងកងកម្លាំង តែងតែចងចាំនូវប្រសាសន៍ណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនការងារនគរបាលព្រហ្មទណ្ឌ ថាបទល្មើសព្រហ្មទណ្ឌ បើកើតឡើងហើយ យើងមិនតស៊ូស្រាវជ្រាវ បង្ក្រាប ហើយ បង្ក្រាបមិនដល់ឬស្សគល់ទេ នោះបទល្មើសនោះនឹងរិតតែកើតញឹកញាប់បន្តទៀត៕SRP