ទីបំផុតចាប់ខ្លួនម្ចាស់រថយន្តស្លាកលេខ JJ.CHING បន្ទាប់ពីព្យាយាមរត់គេច
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ម្ចាស់រថយន្ត JJ.CHING ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។
បើតាមឯកឧត្តមស្នងការបានបញ្ជាក់ថា៖ “ខ្ញុំបាទ បានប្រាប់ហើយថា (ឱ្យចូល មកទទួលកំហុសមិនព្រម) រាល់បទល្មើសកើតឡើងគឺខ្ញុំមិនដែលនៅស្ងៀមទេ (ស្ងៀមតែមិនស្ងាត់) ការងារជុំនាញស្រាវជ្រាវមិនដកដៃ (ស្មានតែរៀបចំឱ្យអ្នកមកទទួលកំហុសជំនួសបានមែន) វិធានការជុំនាញ និងច្បាប់។ សូមអរគុណលោកហេង រតនា បានដឹកនាំសមត្ថកិច្ចជំនាញ សហការណ៌គ្នាតាមចាប់ខ្លួនបាន”។
សូមជម្រាបថា រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រីអ្នកលក់អនឡាញម្នាក់ឈ្មោះ សៅ លីឈីង (Sao LyChhing) ម្ចាស់ផលិតផលគ្រឿងសំអាង បានបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដបានព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខយកទៅផ្លុងចោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា រថយន្ដបង្កហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ស្ដ្រីម្ចាស់ផលិតផលអនឡាញដែលគេតែងហៅថា J CHING តែគេមិនដឹងថាអ្នកណាជាអ្នកបើក រថយន្ដនោះទេ បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពាក់ផ្លាកលេខកែប 1B-6378 បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។
ប៉ុន្ដែអ្នកបើកបររថយន្ដមិនបញ្ឈប់នោះទេ ពោលព្យាយាមបានរត់គេចចេញពីកន្លែងកើតហេតុ និងយករថយន្ដទៅផ្លុងចោល។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីដោះស្រាយតាមច្បាប់ និងស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្ដបង្ក។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនស្ដ្រីឈ្មោះ Sao LyChhing បានបង្ហោះសារទទួលស្គាល់ថា រថយន្ដបង្កហេតុជាកម្មសិទ្ធិរបស់ខ្លួនពិតប្រាកដមែន ប៉ុន្ដែមិនបានបញ្ជាក់ថាអ្នកណាជាអ្នកបើករថយន្ដនោះទេ៕SRP