អភិបាលខេត្តឧត្តរមានជ័យ​ បញ្ជាឲ្យ មន្ត្រីចុះទៅពិនិត្យមើល ករណីពលរដ្ឋតវ៉ារឿងដីធ្លី ចោទប្រកាន់ លើលោក គឹម គាវិន

លោកប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាឲ្យ​អភិ​បាលស្រុកអន្លង់វែង និងអភិបាលរងខេត្ត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ចុះទៅពិនិត្យមើល និងជួបជាមួយប្រជាពលរដ្ឋ ចំនួន ១៣គ្រួសារ រស់នៅផ្លូវចូលផ្ទះតាម៉ុក ក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលបានតវ៉ារឿងដីធ្លី និងបានចោទប្រកាន់លើលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់​ខេត្តឧត្តរមានជ័យ។

ការបញ្ជារបស់អភិបាលខេត្តរូបនេះ ឲ្យអភិបាលស្រុកស្រុកអន្លង់វែង និងអភិបាលរងខេត្តឧត្តរមាន​ជ័យ ចុះទៅពិនិត្យមើលករណីនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋចំនួន ១៣គ្រួសារ រស់នៅផ្លូវចូលផ្ទះតាម៉ុក ក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ផ្ទុះការតវ៉ា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

ការតវ៉ាប្រជាពលរដ្ឋ បានចោទប្រកាន់លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត​ឧត្តរមានជ័យថា ចេញប័ណ្ណឲ្យទៅបក្សពួករំលោភលើដីលំនៅដ្ឋានពួកគាត់៕SRP