នៅទីបំផុត ជន..ដៃដល់ សម្លា..ប់នារីម្នាក់ កាត់..ក្បាល នៅក្រុងបាវិត ត្រូវបានចាប់ខ្លួន

នៅទីបំផុត ជនដៃដល់ដែលបានកាត់ក្បាលសម្លាប់នារីម្នាក់ នៅក្រុងបាវិត ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តព្រះវិហារ ចាប់ខ្លួន។

ការចាប់ខ្លួននៅភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ វេលាម៉ោង១១យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

មន្ត្រីនគបាលព្រហ្មទណ្ឌ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន​បាន​ នៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៣ នគរបាលខេត្តព្រះវិហារ បានទទួលព័ត៌មានពីរម្ចាស់ ផ្ទះសំណាក់ បានរាយការណ៍មកថា​ មានបុរសម្នាក់បានលេបថ្នាំពុលនៅបន្ទប់ផ្ទះសំណាក់ របស់ខ្លួន។ ក្រោយមកកម្លាំងនគរបាល បានសហការជាមួយ នឹងគ្រូពេទ្យចុះទៅដល់ឃើញជនរងគ្រោះ ដែលលេបថ្នាំសម្លាប់ខ្លួន ឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ ដែលជាមុខសញ្ញា កម្លាំងសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម អាករសម្លាប់នារីម្នាក់នៅឯ ក្រុងបាវិត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ដើម្បីរង់ចាំបន្តតាមនីតិវិធី។

សូមជម្រាបថា ស្ត្រីបម្រើការនៅកាស៊ីណូ DYNASTY ត្រូវបានឃាតក សម្លាប់យ៉ាងសាហាវឃោរឃៅ ដោយកាត់ក្បាលដាច់ចេញពីខ្លួន និងទាំង អាក្រាតកាយ។ ករណីឃាតកម្មនេះ បានកើតឡើងនៅរំលងអធ្រាត្រ វេលាម៉ោង ០០ៈ៤០នាទី ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះ មានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាកសពជនរងគ្រោះរួចរាល់ហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP