ភ្នំពេញ៖នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត រយៈទំព័រហ្វេសប៊ុក បានលើកឡើងថា៖ ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់ និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារ ឬតម្លើងឋានន្តរស័ក្តិ យោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិ សម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា៖
ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ឬឆ្លើយតបជាមួយអស់លោកទេ😅 ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍។ ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបនិងធ្វើការងារ ជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងសមត្ថភាពកងទ័ព ក្នុងការត្រៀមលក្ខណៈការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតប នឹងការឆ្ងល់ ឬទើសរបស់អស់លោក😃😃
ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង😅
នៅក្នុងទំព័រហ្វេសប៊ុក ដដែល នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ៖ ថ្ងៃនេះមានកូនទាហានពិសេសម្នាក់រង់ចាំអបអរសាទរខ្ញុំនៅផ្ទះ (ជាតំណាងអោយម៉ាក់ និងបងស្រីទាំងពីររបស់គាត់ផងដែរ)🥰🥰
ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដោយស្មោះ ចំពោះលោកតាលោកយាយ លោកអ៊ុំពូមីងបងប្អូន និងក្មួយៗទាំងអស់ដែលបានផ្ញើរសារអបអរសាទរ ចំពោះរូបខ្ញុំ ក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ នាថ្ងៃនេះ🙏🙏
នៅទីស្តីការក្រសួងការពារជាតិ ជាថ្ងៃព្រហស្បតិ៍នេះ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕SRP