កាកបាទក្រហមខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន១៤១គ្រួសារ ក្នុងស្រុកជីក្រែង

លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃនេះ បានចុះជួបសំណេះសំណាល និងនាំយកអំណោយ មនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន១៤១ គ្រួសារ ស្ថិតក្នុងបរិវេណវត្តក្របីរៀល ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

តាមរបាយការណ៍របស់ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង បង្ហាញថា កាលពីថ្ងៃទី ១៥ មេសា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រស្រុកជីក្រែង កើតមានគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀង ផ្គររន្ទះ ធ្វើឱ្យប៉ះពាល់លើ ឃុំចំនួន១០ នៃឃុំចំនួន១២ បណ្តាលឱ្យរលំផ្ទះ១ខ្នង និង របើកដំបូលជញ្ជាំង១៤០ ខ្នង តែមិនបង្កឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។

បើតាមរបាយការណ៍របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅដើមឆ្នាំ២០២៣ នេះ គ្រួសាររងគ្រោះ ដោយគ្រោះធម្មជាតិនៅទូទាំងខេត្ត មានចំនួនសរុប ៥១៣គ្រួសារ ជាមួយនោះសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយ ចែកជូនគ្រួសាររងគ្រោះជាបន្តបន្ទាប់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា បាននាំយកនូវការសួរសុខទុក្ខ ពី សំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងបានចូលរួមសោកស្ដាយ ចំពោះការខូចខាតទ្រព្យ និងលំនៅដ្ឋានរបស់បងប្អូន ដោយគ្រោះធម្មជាតិកន្លងទៅនេះ។

លោកជំទាវ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ទាំងអស់ សូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតនាៗ ដែលអាចកើតមាននៅក្នុងរដូវប្រាំងនេះ និងថែរក្សាសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗ បើឃើញថាមានអាការៈមិនស្រួល ត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។

សូមជម្រាបថា សម្រាប់គ្រួសាររងគ្រោះរលំផ្ទះទទួលបាន អង្ករ ៣០គ.ក្រ មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក និងថវិកាចំនួន១៥ម៉ឺនរៀល។ ដោយឡែក គ្រួសាររងគ្រោះ ដោយផ្ទះរបើកដំបូល ជញ្ជាំងចំនួន ១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គ.ក្រ មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១០សន្លឹក និងថវិកាចំនួន១០ម៉ឺនរៀល៕SRP