អភិបាលខេត្តកំពង់ចាម​៖ កង​រាជ​អាវុធហត្ថ​ជ្រេីសរេីស​ថ្មី​ ត្រូវខិតខំ​ហ្វឹកហាត់​ ដេីម្បី​យកជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ

អភិបាលខេត្តកំពង់ចាម​៖ កង​រាជ​អាវុធហត្ថ​ជ្រេីសរេីស​ថ្មី​ ត្រូវខិតខំ​ហ្វឹកហាត់​ ដេីម្បី​យកជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន ចាន់ដា បាន​ថ្លែង​លេីក​ទឹកចិត្ត​ដល់​យោធិន​ នៃ​កងរាជអាវុធហត្ថ​ ទេីប​ជ្រេីសរេីស​ថ្មី​ ឱ្យ​ខិតខំ​​ហ្វឹកហាត់​ ដេីម្បី​យកជំនាញ មកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ សាធារណៈ​ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលទើបជ្រើសរើសថ្មី ចំនួន​ ៤០នាក់ ទៅហ្វឹកហ្វឺន នៅភ្នំជុំរាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

អភិបាលខេត្តកំពង់ចាម​ បន្តថាកម្លាំងយោធិន នៃកងរាជអាវុធហត្ថទាំង ៤០នាក់ ដែលត្រូវទៅហ្វឹកហ្វឺនរយៈពេល ១ឆ្នាំ ត្រូវ​ខិតខំ​ហ្វឹកហាត់​លត់ដំ​ខ្លួន​ ឱ្យ​ក្លាយ​ទៅ​ជា​នាយ​ទាហាន​ មាន​កាយសម្បទា​ រឹងមាំ​ និង​មាន​លក្ខណៈសម្បត្តិ​ គ្រប់គ្រាន់​ ដេីម្បី​ខ្លួន​ឯង​ ដេីម្បី​គ្រួសារ​ ក៏​ដូច​ជា​ការ​ការពារ​ ប្រជាពលរដ្ឋ​ ឱ្យ​រស់នៅ​ប្រកប​ដោយ​ ភាព​សុខដុមរមនា​ ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ ពោលគឺ​ធ្វេី​យ៉ាងណា​កុំ​បោះបង់​ចោល​ការ​ហ្វឹកហាត់​នេះ​ឱ្យសោះ​។

បើតាមលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម​ ​បានផ្តាំផ្ញេី​ដល់​កម្លាំង​យោធិន នៃ​កងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ក្នុងការប្រឡង ដែល​ត្រូវ​ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) សូម​ឱ្យ​ខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ​ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជា និងការចាត់តាំង របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស​ ពេលបញ្ចប់វគ្គ។

គួរ​បញ្ជាក់ថា ក្នុង​ពិធី​នោះ​ដែរ​ អភិបាលខេត្តកំពង់ចាម​ បាននាំអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនដល់កម្លាំងយោធិន នៅកងរាជអាវុធហត្ថទាំង ៤០នាក់ ដោយ​ក្នុងម្នាក់ៗទទួលបាន ៖ មី ២កេស ត្រីខកំប៉ុង ២យួរ ក្រម៉ា ១ និងថវិកា ២០ ម៉ឺនរៀល​ផងដែរ​៕SRP