ខេត្តកំពង់ចាម៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់។
ការឧបត្ថម្ភថវិកានៅ ថ្ងៃនេះតាមរយ:លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
បើតាមរបាយការណ៍របស់ លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានឲ្យដឹងថា ករណីមានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់ បក់បោកខ្លាំង បណ្តាលឱ្យប៉ះពាល់ដលប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង២១ និង០០ នាទី មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យរងផលប៉ះពាល់ ករណីធ្ងន់មានពីរឃុំគឺ÷
១.ឃុំបារាយណ៍ ខូចខាតផ្ទះ ១ខ្នង បណ្តាលឱ្យបាក់ដួលរលំផ្ទះដែលជាកម្មសិទ្ធរបស់ឈ្មោះ ទុយ យ៉េត ភេទស្រី អាយុ៦៥ ឆ្នាំ នៅភូមិរោងគោ (ផ្ទះទំហំ ៤×៦ម៉ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ចាំង ស័ង្កសី បាក់រលំដួលដល់ដី) និង ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
២.ឃុំមៀន ខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រលំដើមត្នោត ១ដើម សង្កត់មកលើផ្ទះ របស់ឈ្មោះ យ៉ាន តូច ភេទស្រី អាយុ ៨០ឆ្នាំ នៅភូមិមៀន បង្ករឱ្យគ្រោះថ្នាក់ដល់មនុស្ស ២នាក់ ១-ឈ្មោះ តឿ ភារម្យ ភេទស្រី ៣៧ឆ្នាំ បណ្តាលឲ្យស្លាប់ ហើយគ្រួសារបានយកមកតម្កល់ និងរៀបចំពិធីបុណ្យទៅតាមប្រពៃណី ស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ (ស្រុកកំណើតខាងប្តី) ២.ឈ្មោះ ឈើ ពរ័ភេទ ប្រុស អាយុ ២ឆ្នាំ និងផ្ទះ ១ខ្នង ទំហំ ៦×៨ម៉ ធ្វើអំពីកូនឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង។ ក្នុងនោះក៏មានករណីខ្យល់កន្ត្រាក់កំរិតស្រាលមាន ចំនួន ១០ឃុំ ស្មើនឹង២៦ខ្នងផ្ទះ។
អភិបាលខេត្តកំពង់ចាម ក៏បានចូលរួមរំលែកទុក្ខ និងការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់សមាជិកគ្រួសារ ក៏ដូចជាគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងអាយុជីវិត។
អភិបាលខេត្តក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងនាំយកថវិកា ឧបត្ថម្ភបន្ទាន់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ និងបានជំរុញឲ្យក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខិតខំពិនិត្យព្យាបាលអ្នកជំងឺឲ្យបានល្អប្រសើរ ដោយមិនគិតថវិកា ហើយរាល់ថវិកាចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត៕SRP