ករណីមានការយកលុយពីភ្ញៀវទេសចរណ៍ចូលទៅកម្សាន្ត នៅ រមណីយដ្ឋានទឹកឆា អាជ្ញាធរខេត្តកំពង់ចាម បញ្ជាក់ថាការយកលុយគឺស្របតាមអនុក្រឹត្យរបស់ររដ្ឋាភិបាល។
ការអះអាងបែបនេះ បន្ទាប់ពីមានគណីហ្វេសប៊ុក បានបង្ហោះថា៖ អត់ទាន់បានចូលដល់កន្លែងអង្គុយលេងផងបានសំបុត្រពីរបាត់ទៅហើយ
-ប៉ារាស់ទី១ (មនុស្ស៤០០០៛ និងឡាន៥០០០៛)
-ប៉ារាស់ទី២(៧០០០៛)
សំណួរ: ចុះបើគង់តែយកលុយពីរដងដដែលចាំបាច់ធ្វើសំបុត្រ២ធ្វើអី មិនព្រមសរុបតម្លៃទាំងមូលតែម្តងទៅ? អរគុណការអភិវឌ្ឍន៍
#ក្បាលទឹកប្រែហើយ។
បន្ទាប់ពីមានការបង្ហោះបែបនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអរគុណចំពោះបងប្អូន ប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អលើករណីនេះ។
រដ្ឋបាលខេត្ត ក៏សូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបផងដែរថា រមណីយដ្ឋានទឹកឆា ត្រូវបានដាក់ឲ្យវិនិយោគ ស្របតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដោយមានកិច្ចសន្យា និងសៀវភៅបន្ទុកត្រឹមត្រូវ គឺតម្រូវអោយភ្ញៀវបង់ថ្លៃសេវា តែមួយដងប៉ុណ្ណោះនៅច្រកចូលតំបន់រមណីយដ្ឋាន។
ចំពោះព័ត៌មានខាងលើនេះ រដ្ឋបាលខេត្ត បានចាត់ធ្វើការស្រាវជ្រាវភ្លាមៗ និងបានឃើញថា បញ្ហានេះបណ្តាលមកពីម្ចាស់កញ្ចុះ អាជីវករលក់ដូរអាហារមួយចំនួនតូច ក្នុងតំបន់រមណីយដ្ឋាន ទឹកឆា បានលួចបន្លំផលិត និងប្រេីប័ណ្ណ ចូលរមណីយ៍ដ្ឋាន យកទៅប្រេីប្រាស់ដេីម្បីតម្រូវអោយភ្ញៀវបង់កំរៃសេវាបន្ថែមទៀត ដោយគ្មានគោលការណ៍អនុញ្ញាតឡើយ។
រដ្ឋបាលខេត្ត បានចាត់វិធានការភ្លាមៗ ដោយចុះអប់រំណែនាំ អ្នកលក់ដូរទាំងនោះ អោយបញ្ឃប់សកម្មភាពបន្លំចំពោះភ្ញៀវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលណាដែលបន្តធ្វេីសកម្មភាពខុសឆ្គងបែបនេះតទៅទៀត។
សូមបងប្អូនភ្ញៀវទេសចរចូលកំសាន្តក្នុងតំបន់រមណីយដ្ឋានទឹកឆា ពេលជួបប្រទះបាតុភាព មិនប្រក្រតីណាមួយ សូមទាក់ទងរាយការណ៍មកកងកម្លាំងសមត្ថកិច្ចដែលកំពុងប្រចាំការនៅក្នុងតំបន់នោះស្រាប់៕SRP