នាយករដ្ឋមន្ត្រី ចេញសារព្រមានក្រុមមន្ត្រីទាំងអស់សូមកុំអាងអំណាច ធ្វើបាបអ្នកទន់ខ្សោយជាពិសេស និងប្រើប្រាស់អាវុធខុសច្បាប់

តាមរយៈទំព័រតេលេក្រាមផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ បានព្រមានចំពោះមន្ត្រីទាំងអស់កុំធ្វើបាបអ្នកទន់ខ្សោយ និងប្រើប្រាស់អាវុធខុសច្បាប់។

តាមរយៈសាររបស់នាយករដ្ឋមន្ត្រី ដែល សៀមរាប ប៉ុស្តិ៍ ទទួលបាន បញ្ជាក់ថា៖ បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើ បាបអ្នកទន់ខ្សោយជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។

ក្នុងសារដដែលបន្តថា សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការសូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។

ការចេញសារព្រមានរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពី សម្ដេចបានចេញអនុក្រឹត្យបញ្ចប់មុខតំណែង ឈ្មោះ បែល វ៉ាន់ដែត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕SRP