លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអះអាងថា ក្នុងរយៈកាលកន្លងមកនេះ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀន ឱ្យបានកៀកជិត ទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈឱ្យកូនចៅ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុ សិស្ស ជានារី ឱ្យទទួលបានឱកាសសិក្សារៀនសូត្រ ដោយពុំចាំបាច់ធ្វើដំណើរផ្លាស់ទីទៅឆ្ងាយ។
លោកហ៊ុន ម៉ាណែត ថា ជាក់ស្តែង ក្នុងស្រុកស្ទឹងត្រង់នេះផ្ទាល់ មានសមិទ្ធផល អគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចទាំងទ្វេ ចំនួន៦៥ ខ្នង ស្មើនឹង ៤៦០បន្ទប់ សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅរបស់ ប្រជាពលរដ្ឋ ដែលនឹងផ្តល់នូវផលផ្លែផ្កាសម្រាប់បុគ្គល គ្រួសារ និងសង្គម។
លោកថ្លែងបែបនេះក្នុងពិធីសម្ពោធសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ, អគារសម្ពពនៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅ
ថ្ងៃចន្ទម្សិលមិញ។
លោកហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាក្នុងខេត្តកំពង់ចាមទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាលក្រោមដឹកនាំ របស់ សម្តេចតេជោ នាយករដ្ឋមន្តី្រ ជាពិសេស តាមរយៈការទទួលចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងប្រទេសជាតិទាំងមូល។ សក្ខីភាពនេះបានបង្ហាញថា ប្រជាពលរដ្ឋយើងនៅតែគាំទ្រ និងផ្តល់ទំនុកចិត្តចំពោះ សម្តេចតេជោ ក្នុងការដឹកនាំការពារ និងសង្គ្រោះអាយុជីវិតនៅគ្រប់ដំណាក់កាល លំបាកបំផុត ជាពិសេស នៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងកូវីដ-១៩ កន្លងមកនេះ សម្តេចតេជោ បានបង្ហាញនូវភាពជាអ្នកដឹកនាំដ៏គួរស្ញប់ស្ញែង តាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយ, យុទ្ធសាស្ត្រច្បាស់លាស់ និងភាពអារកាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល, ការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ និងជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារ នៅទូទាំងប្រទេស ហើយនៅក្នុងដំណាក់កាលនីមួយៗនេះ គឺអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ត្រូវបានតម្កល់ជាកត្តាអាទិភាពចម្បងបំផុត។
បេីតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានសាលាមត្តេយ្យសិក្សា ៤៦៦សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យ សិក្សាដាច់ដោយឡែក ០៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៥កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦២កន្លែង សាលាបឋមសិក្សា ៤០៧កន្លែង (សាលាបឋមសិក្សាឯកជន ០៧កន្លែង អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ០២កន្លែង វិទ្យាល័យអប់រំពិសេស ០១កន្លែង) អនុវិទ្យាល័យឯកជន ១កន្លែង និងវិទ្យាល័យឯកជន ៤កន្លែង។
ក្នុងនោះអគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៣៨៤ខ្នង ស្មើនឹង ២.៤៣១បន្ទប់ (អគារកម្ពស់៣ជាន់ មានចំនួន ១៦អគារ) រួមនឹងទីចាត់ការ ២៣ខ្នង អគារកាត់ដេរចំនួន ១២ខ្នង ក្នុង នោះស្រុកស្ទឹងត្រង់ មាន ៦៥ខ្នង ស្មើនឹង ៤៦០បន្ទប់។
ចំពោះវិស័យសុខាភិបាល នៅក្នុងខេត្ត កំពង់ចាម មានមន្ទីរពេទ្យបង្អែកចំនួន០៩កន្លែង មណ្ឌលសុខភាព ចំនួន ៩១កន្លែង ក្នុងនោះស្រុក ស្ទឹងត្រង់ មានមន្ទីរពេទ្យបង្អែកចំនួន ០១កន្លែង ទទួលបានចំណាត់ថ្នាក់ សំណុំ សកម្មភាពបង្គ្រប់ កម្រិត ១ (CPAI) ជាអង្គភាពផ្តល់សេវាសុខាភិបាលល្អលេខ៣ និងមណ្ឌលសុខភាពចំនួន ១២ កន្លែង មាននៅគ្រប់ឃុំ។ ក្នុងនោះមណ្ឌលសុខភាពដងក្តារ បាននឹងកំពុងបម្រើសេវា សុខាភិបាល ក្នុងការ ពិនិត្យ ព្យាបាលជំងឺជូន ប្រជាពលរដ្ឋ និងផ្តល់សេវាថែទាំសុខភាពជូន ប្រជាពលរដ្ឋ នៅក្នុងឃុំដងក្តារ ផងដែរ៕SRP

