ករណីឆក់កាបូប នៅក្រុងសៀមរាប ហាក់កម្រើកឡើងវិញ ប៉ុន្តែសមត្ថកិច្ចចាប់បាន

ខេត្តសៀមរាប៖ករណីឆក់កាបូប នៅក្រុងសៀមរាប ហាក់កម្រើកឡើងវិញ ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែករណីនេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប បង្ក្រាបបានទាន់ពេលវេលា។

អធិការនគរបាលក្រុងសៀមរាប លោកដា ចំរើន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុងសៀមរាប បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជិះម៉ូតូឆក់កាបូបជនរងគ្រោះពិតមែន។ ឈ្មោះ​ ជា កវី ហៅហ៊ីន ជាអ្នកឆក់ កាបូប រីឯជនឈ្មោះ​ ប៉ឹង ភត្រ្តា ហៅចាន់ ជាអ្នកបើកម៉ូតូ ចំណែកប្រាក់ដែលឆក់បាន ពួកខ្លួនបានយកចែកគ្នា។

ជនសង្ស័យ១-ឈ្មោះ​ ប៉ឹង ភត្រ្តា ហៅចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន) ០២-ឈ្មោះ ជា កវី ហៅហ៊ីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ប៉េងប៉ោង មានស្រុកកំណើត នៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន)។ ជនសង្ស័យទាំង២នាក់ វិជ្ជមាន(ជាតំរុយមេតំហ្វេតាមីន)។

លោកដា ចំរើន បន្តថា ករណីឆក់កាបូបនេះ ខណៈពេលដែរជនរងគ្រោះជិះកង់ បានកើតឡើង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង៥៦នាទី នៅចំណុចផ្លូវបេតុង ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប។

ជនរងគ្រោះ ឈ្មោះ ជ.ច ភេទស្រី អាយុ​ ១៩ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ក្នុងកាបូប មានកុំព្យូទ័រយូរដៃពណ៌ទឹកប្រាក់ ម៉ាកDell ១គ្រឿង ទូរស័ព្ទម៉ាកvivo ពណ៌ក្រហម លាយស្វាយ ១គ្រឿង លុយ៣០ដុល្លារ លុយខ្មែរ១៥ម៉ឺនរៀល។

អធិការបន្តថាក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងបាន៖ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព​ ១គ្រឿង។ ទូរស័ព្ទ០៣គ្រឿង កាបូបខ្មៅ​ ១-កុំព្យូរទ័រម៉ាកDell ១គ្រឿង -ថង់ថ្កឹបមាត់ និងឧបករណ៍ច្នៃជក់ថ្នាំញៀនមួយចំនួនផងដែរ។

បើតាម លោកដា ចំរើន អធិការក្រុងសៀមរាប ដែល បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ​ ចុះបង្រ្កាប​ បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ៕SRP