លោកហ៊ុន ម៉ានី៖ «ដើម្បីមន្ទីរពេទ្យកុមារអង្គរ »

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា«ដើម្បីមន្ទីរពេទ្យកុមារអង្គរ »។ ការលើកយ៉ាដូច្នេះក្នុងឱកាសលោក ដឹកនាំការរត់ម៉ារ៉ាតុន ឆ្នាំ ២០២៣ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងដើម្បីរកថវិកា ជួយឧបត្ថម្ភ ដល់មន្ទីរពទ្យកុមារអង្គរ ដោយមានអ្នក ចូលរួមច្រើនជាង ១៤០០នាក់ ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី និងជនបរទេសផងដែរនៅព្រឹកមិញនេះ។

នៅក្នុងកម្មវិធីរត់មានរយៈចម្ងាយ ៣ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ, និង២១គីឡូម៉ែត្រ ដែលអ្នករត់ទាំងអស់ចាប់ផ្ដើមចេញដំណើរពីមុខបរិវេណខាងមុខប្រាសាទ អង្គរវត្ត ឆ្ពោះតាមច្រកទន្លេអុំ បន្តរត់កាត់តាមប្រាសាទ បាយ័ន ឆ្ពោះទៅព្រលានជល់ដំរី និងបន្តទៅកាន់ក្លោងទ្វាជ័យ វង់ទៅតាមស្រះស្រង់ និងចុងបញ្ចប់ត្រឡប់មកកាន់កន្លែងដើមវិញ។

តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ថវិកា ដែលប្រមូលបានតាមរយៈ ការរត់ម៉ារ៉ាតុនឆ្នាំនេះ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ឆ្នាំនេះ និងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់ដែលកំពុងត្រូវការការព្យាបាល។

ការចូលរួមយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីរត់ម៉ារ៉ាតុននេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីទឹកចិត្តស្រលាញ់វិស័យកីឡា ថែមទាំងបានបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីគ្នា ក្នុងមហាគ្រួសារខ្មែរ ដើម្បីអបអរ នូវព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាចូលរួមបំផុសនូវស្មារតីកីឡាមុននឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕SRP