អភិបាលខេត្តកំពង់ចាម​ បញ្ជាឲ្យមន្ត្រី​បង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ឲ្យអស់ពីមូលដ្ឋាន

0

ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីណែនាំអំពីវិធានការបង្រ្កាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋានខេត្តកំពង់ចាម​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាឲ្សមត្ថកិច្ច​ពាក់ព័ន្ធ​ ធ្ធ្វើការបង្ក្រាប​​ល្បែង​ស៊ីសង​ ខុសច្បាប់​គ្រប់​ប្រភេទ​ ឲ្យ​អស់​ពី​មូលដ្ឋាន​របស់​ខ្លួន​​។

ក្នុង​កិច្ច​ប្រជុំ​ នៅថ្ងៃពុធនេះ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​​គណៈអភិបាលក្រុង-ស្រុក​ ទាំង​១០ ត្រូវ​បេីក​កិច្ចប្រជុំ​ ឲ្យ​បាន​ឆាប់​រហ័ស​ ដេីម្បី​ជំរុញ​​ដល់​មេឃុំ​ ចៅសង្កាត់​ និង​មេភូមិ​ ទាំងអស់​ ឲ្យ​ចូលរួម​អនុវត្ត​ការ​បង្ក្រាប​ ល្បែង​ស៊ីសង​ ខុសច្បាប់​គ្រប់​ប្រភេទ​​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​​​។

អភិបាលខេត្តបន្តថាការបង្ក្រាបនេះត្រូវអនុវត្តឲ្យដូចភ្លៀងរលឹម​ ចំពោះ​ម្ចាស់​ទីតាំង​បេីកអាជីវកម្ម​​​ល្បែង​ស៊ីសង​ តាម​​អនឡាញ​ទាំង​ ​៣៩០កន្លែង​ ក៏ដូចជា​អ្នក​ប្រកប​របរ​ល្បែង​ស៊ីសង​ខុសច្បាប់​ផ្សេងៗ​ទៀត​ ត្រូវ​ធ្វេី​កិច្ច​សន្យា​បញ្ឈប់​ជា​ស្ថាពរ​ បេី​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជាធរមាន​​។ ​

អភិបាលខេត្ត​ ក៏បានជំរុញដល់​ថ្នាក់ដឹកនាំ​ ​ប្រធាន​អង្គភាព​​ ត្រូវ​ណែនាំមន្រ្តី ឬសមត្ថកិច្ចក្រោមឱវាទ ព្រមទាំងក្រុមគ្រួសារ​ ​ឲ្យដកខ្លួនចេញពីបទល្មើស (ប្រសិន បើមានការពាក់ព័ន្ធ) និងហាមដាច់ខាត មិនឲ្យមានការពាក់ព័ន្ធ កុំអន្តរាគមន៍​ កុំនៅពីក្រោយ និង​កុំ​លាក់បាំង​ អប់រំណែនាំ ពោលគឺ​ត្រូវ​កែប្រែ​ចិត្ត​គំនិត​ ចាប់​ពី​ពេលនេះ​តទៅ​ ដោយឡែក​រឿងរ៉ាវ​​ពីមុន​​គឺ​មិន​​ចាប់​ទោស​អូសដំណេីរ​អ្វីឡេីយ​។

លោក​​ ​វង្ស​ ប៊ុន​វិសុទ្ធ​ ជា​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ ការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់​ គឺជា​ការ​ជួយ​សង្គ្រោះ​ ដល់ប្រជាពលរដ្ឋ​ ឲ្យ​រួចផុត​ពី​ភាព​ក្រីក្រ​ ក៏ដូចជា​ការ​លេីក​ស្ទួយ​ដល់ជីវភាព​គ្រួសារ​ ព្រមទាំង​ធ្វើ​ឲ្យ​​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ទៀតផង​​។

លោកបញ្ជាក់ថាដូច្នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ ត្រូវ​ធ្វើការ​ដោយ​មាន​ការ​យកចិត្តទុកដាក់​ ដើម្បីចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះ​ ចំពោះ​ទីតាំង​លេងល្បែង​ស៊ីសង​តាម​អនឡាញ​​ ត្រូវ​ធ្វើការ​ពិនិត្យ​​ឲ្យ​បាន​ច្បាស់លាស់​ បេី​មិន​មាន​ការ​លេងល្បែង​​ភ្នាល់​ដាក់​ប្រាក់​ទេ​ គឺ​យើង​ត្រូវ​អនុញ្ញាត​ឲ្យ​គាត់​បេីក​លក់ដូរ​ ឬលក់​កាហ្វេ​ ​ដោយមេីល​ព័ត៌មាន​ ឬ​មេីល​រឿង​ផ្សេង​ៗ​ ​តាម​ទូរទស្សន៍​បាន​ ដោយ​ពុំ​មាន​ការ​ហាមឃាត់ទេ​។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន បានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងបង្ក្រាបល្បែងស៊ីសុងឲ្យអស់ពីមូលដ្ឋាន។ ក្នុងនោះសម្ដេចតេជោ បានព្រមានដកថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួនដែលមិនបង្ក្រាបទល្មើសល្បែងស៊ីសងផងដែរ៕SRP