លោក ជាម ច័ន្ទសោភ័ណ្ទ ផ្តល់ថវិកា​ និងប្រេងសាំង ដេីម្បី​លើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

0

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ និងលោកជំទាវ​ រួមនឹង​លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី២០ ខែកញ្ញា ម្សិលមិញ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំង​ផ្តល់ជូន​ថវិកា​ និង​ប្រេងសាំង ដើម្បីលើកទឹកចិត្ត ចំពោះកិច្ចខិតខំ បំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក៏ដូចជាជួយសម្រួល ក្នុងការធ្វើដំណើរ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុង បានល្អ ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារ ជូនរដ្ឋបាលខេត្ត។

អភិបាលខេត្ត នៅតែបន្តធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់​ នៅពេលទៅស្រុកកំណើត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឱ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ណែនាំសូមទៅចាក់ឱ្យបានគ្រប់គ្នា។

លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់មន្ត្រីរាការគ្រប់លំដាប់ថ្នាក់ចូលរួមជាមួយពលរដ្ឋឲ្យបានច្រើនកុះករ នូវពិធីបុណ្យអ៊ុំទូក ដែលរដ្ឋបាលខេត្តនឹងរៀបចំឡើងនាថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដែលមានការប្រណាំងទូក ការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងកម្មវិធីជាច្រើនទៀត ជាពិសេសចូលរួមកម្មវិធីសប្បាយៗ ពិធីបុណ្យឆ្លងឆ្នាំសកល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្ត។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែរៀបចំពិធីជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌនេះ​៕SRP