លោកអ៊ុន​ ចាន់ដា​៖ មានតែការបណ្ដុះបណ្ដាល​ កសាង​ធនធាន​មនុស្សទេ​​ ទេីប​នាំមកនូវ​ការ​រីកចម្រើន

0

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បានអះអាងថា​ មានតែការបណ្តុះបណ្តាល​ កសាងធនធានមនុស្ស​ទេ ទេីប​នាំមកនូវ​ការ​រីកចម្រើន ដូច្នេះ​សូម​ឲ្យ​​ក្មួយ​ៗ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ ដេីម្បី​យក​ចំណេះដឹង​​ ទៅ​​​កសាង​​អនាគត​ខ្លួន​ឯង​ និង​ចូល​រួម​​ចំណែក​កសាង​សង្គម​ជាតិ​យើង​​ឲ្យ​កាន់​តែ​​មាន​ការ​រីកចម្រើន​​ ចំពោះ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ យេីងក៏ត្រូវ​ជ្រេីសរេីស​​កម្រិត​ជំនាញ​ ​វិជ្ជាសាស្ត្រ​ បច្ចេកទេស​ជា​កត្តាសំខាន់​ ផងដែរ​។

លោកថ្លែង​បែប​នេះ​ក្នុង​ពិធី​សំណេះសំណាល​ និង​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា​ នៃ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ សរុប​ ២០០នាក់​ នៅថ្ងៃទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២២​។

ក្នុងពិធី លោក អ៊ុន ចាន់ដា បានពាំនាំអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ពិសេស ក្រើនរំលឹកដល់ក្មួយៗ ជាយុវជន​កាកបាទក្រហម​ថ្មី ទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយ ទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ដើម្បីធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ” និង ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល “។​

បេីតាមរបាយការណ៍ស្វាគមន៍លោកទូច ឆៃ នាយកសាខា បានគូសបញ្ជាក់ ថា សាលាគោលដៅ ទូទាំងខេត្ត សរុប មាន៥០ ក្នុងនេះ មានសកលវិទ្យាល័យ ៧ និង វិទ្យាល័យ ៤៣ – មានទីប្រឹក្សាយុវជន ៨៦នាក់ និងយុវជនកាកបាទក្រហម​ ២,១៨៥នាក់។ ចំពោះ​យុវជនកាកបាទក្រហមកម្ពុជា ទាំង ២០០នាក់ ដែល​បាន​បំពាក់​កន្សែង​ក្នុង​ពិធី​នេះ​ គឺមកពីវិទ្យាល័យ​ ចំនួន ៤ ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម រួមមាន វិទ្យាល័យតេជោហ៊ុនសែន បឹងកុក- វិទ្យាល័យព្រះសីហនុ វិទ្យាល័យដីដុះ និង វិទ្យាល័យសម្តេច ជួនណាត។​ ជាមួយនឹង ការបំពាក់កន្សែង និងមួក , លោក អ៊ុន ចាន់ដា ក្នុងនាម ប្រធានគណ:កម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏បានផ្តល់ជូនដល់ យុវជន កាកបាទក្រហម​ ទាំង ២០០នាក់- ទីប្រឹក្សាយុវជន ៤នាក់, នាយកវិទ្យាល័យ ៤នាក់ និងអ្នកស្ម័គ្រចិត្ត ២០ នាក់នូវ មួកសុវត្ថិភាព ម្នាក់ ១ ផងដែរ៕SRP