អភិបាលខេត្តបាត់ដំបង ណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង១៤ ឲ្យ ត្រូវរៀបចំសណ្ដាប់ធ្នាប់ និងសំណង់មិនរៀបរយ

0

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង១៤ ត្រូវតែធ្វើការរៀបចំសណ្ដាប់ធ្នាប់ និងសំណង់មិនរៀបរយ ត្រូវធ្វើការរៀបចំសំណង់អាណាធិបតេយ្យ ដែលមានៅក្នុងស្រុកសាម៉ីខ្លួន ត្រូវតែធ្វើការរៀបចំ បើពុំនោះទេបញ្ហាសណ្ដាប់ធ្នាប់ និងសំណង់មិនរៀបរយ កាន់តែច្រើនៗទៅ ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ កាន់តែធ្ងន់ ព្រោះថ្ងៃទៅមុខទៀតបាត់ដំបងនឹងត្រូវបង្កើតជាទីក្រុងឆ្លាតវ័យ ហើយបើសិនជាមិនធ្វើការរៀបចំសណ្ដាប់ធ្នាប់ទេ នោះ នោះមិនអាចក្លាយជាទីក្រុងឆ្លាតបានឡើយ។

លោកថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍នេះ។

លោក សុខ លូ ក៏បានណែនាំដល់
មន្ទីរជំនាញពាក់ព័ន្ធ ត្រូវពិនិត្យមើលការសាងសង់ ជួសជុលផ្ទះ នៅតំបន់អភិរក្ស និងផ្ទះដែលជាផ្ទះបុរាណ ដោយមុននឹងធ្វើការជួសជុល ឬសាងសង់ថ្មី ត្រូវតែធ្វើការស្នើសុំដល់មន្ទីរអង្គភាពជុំវិញ ឬរដ្ឋបាលក្រុង ស្រុក ជាមុនសិន ដើម្បីឱ្យគណៈកម្មការជំនាញចុះពិនិត្យសិក្សាមើល ខ្លាចក្រែងការជួសជុល ឬសាងសង់ផ្ទះបុរាណ ឬផ្ទះដែលស្ថិតក្នុងតំបន់អភិរក្សនោះ ធ្វើឱ្យបានទ្រង់ទ្រាយដើម បង្កើតឱ្យសំណង់ផ្ទះបុរាណកាន់តែបាត់បង់ទៅៗ។

យោងតាមប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចតែងតាំង លោក សួន សុភា ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ជំនួសលោក អ៊ូ ដារី ដែលទទួលភារកិច្ចថ្មី៕SRP