ភ្នំពេញ៖លោកឃួង ស្រេង បានអះអាងថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កអោយមានបទល្មើស លួចឆក់ប្លន់។
អភិបាលរាជធានីភ្នំពេញបន្តថា ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវតែធ្វើឡើងអោយដូចភ្លៀងរលឹម។ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ចាំតែជួយអន្តរាគមន៍នៅពេលដែលយើង អនុវត្តមិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិ ចុះទៅបង្ក្រាប នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងមិនបានបង្ក្រាបឬមិនបានដឹងនោះនឹងប្រឈមទៅនឹងការដកតំណែងហើយ។
ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួច ហើយ កាលពីព្រឹកថ្ងៃ១៧កញ្ញានេះ ដោយឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការប្រមានដកតំណែងផងដែរ។
លោកបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗ ដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។
ជាមួយនឹងការបញ្ជាបែបនេះសម្តេតេជោ បានព្រមានដកតំណែង អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសង រីកសាយភាយ ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង៕SRP

