ខេត្តបាត់ដំបង៖មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដីនគរមីយកម្ម សំណង់សុរិយោដី បានអះអាងថាការកាត់ប្លង់ដីជនប្រជាពលរដ្ឋមានការយឺតយ៉ាវ។
ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ នេះ លោក
ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ បានកត់សម្គាល់ឃើញថា ការកាត់ឈ្មោះប្លង់ម្ចាស់កម្មសិទ្ធិដីធ្លី នៅតែជាបញ្ហាប្រឈម ដោយមានភាពយឺតយ៉ាវ ដោយសារតែត្រូវឆ្លងកាត់ច្រើនដំណាក់កាល។
លោកក៏បានសំណូមពរឱ្យបង្កើនជំរុញល្បឿន នៃការកាត់ប្លង់ ជាម្ចាស់កម្មសិទ្ធិ ឱ្យបានកាន់តែឆាប់រហ័សជាងមុន តាមអ្វីដែលអាចធ្វើបាន ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល មិនទន្ទឹងរង់ចាំយូរ មិនធ្វើឱ្យប្រជាពលរដ្ឋមានការធុញទ្រាន់ឡើយ។
លោកក៏បានមានប្រសាសន៍ណែនាំ ដល់លោកប្រធានមន្ទីរថ្មី ដែលទើបតែតែងតាំងនាពេលនេះ ត្រូវតែបន្តបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុនទៀត ក្នុងគោលបំណងដើម្បីបម្រើប្រជាពលរដ្ឋ ដែលទទួលសេវារបស់ខ្លួនឱ្យកាន់តែល្អ និងបំពេញភាពពេញចិត្តជូនពួកគាត់ ក្នុងមន្រ្ដីក្រោមឱវាទរបស់ខ្លួនក៏ត្រូវចូលរួមសហការជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ដោយត្រូវតែឧស្សាហ៍ព្យាយាម ត្រូវចេះគោរពស្រឡាញ់ទៅវិញទៅមក និងត្រូវចេះជួយគ្នាទៅវិញទៅមក ដើម្បីដំណើរការការងាររបស់ខ្លួនកាន់តែល្អប្រសើរជាងមុន។
លោកក៏បានសំណូមពរឱ្យបង្កើនការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែឆាប់រហ័សជាងមុន ធ្វើយ៉ាងណាប្រជាពលរដ្ឋគាត់សប្បាយចិត្ត និងពេញចិត្តទៅលើការផ្ដល់សេវាជូនពួកគាត់ប្រកបដោយភាពរហ័ស និងត្រឹមត្រូវជាអ្វីដែលប្រជាពលរដ្ឋចង់បាន៕SRP

