ខេត្តព្រះសីហនុ៖សម្ដេច ស ខេង បានរម្លឹកជាថ្មីទៀតអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសអនុសាសន៍ជំរុញណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះនៅថ្ងៃចន្ទ នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ។
សម្ដេចស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះជាផ្នែកមួយ នៃការជួយគាំទ្របន្ថែមទៀតដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុដែលមានការប្រឈមទៅនឹងបទល្មើសប្រភេទនេះ។
សម្ដេចស ខេង បានបន្តថាកាលពីពេលថ្មីៗនេះ ក្រសួងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការកិច្ចប្រតិបត្តិការ លើការងារនេះ ហើយក្នុងឋានៈ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូរមនុស្ស សម្ដេចក៏បានអំពាវនាវឱ្យមានការគាំទ្រនិងចូលរួម ក្នុងការងារនេះ ដោយបានផ្ដល់បណ្ដាញនិងលេខទូរសព្ទទំនាក់ទំនងរាយការណ៍អំពីករណីនេះ។ សម្ដេចឱ្យដឹងទៀតថារហូតមកដល់ពេលនេះ ក្រសួងបានទទួលបណ្ដឹង និងការរាយការណ៍ចំនួន១៨៦ករណី។
សម្ដេចស ខេង ក៏បានជំរុញរដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ បន្តការខិតខំប្រឹងប្រែង បង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍៣ ក្នុងកិច្ចប្រតិបត្តិការ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងចាប់ខ្លួនជនល្មើស បណ្ដាញ និងមេក្លោងពាក់ព័ន្ធមកផ្ដន្ទាទោស ទៅតាមច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ៕SRP

