សម្ដេចហ៊ុន សែន អញ្ជើញមកខេត្តសៀមរាប នៅថ្ងៃស្អែក នឹងជួបជាមួយប្រជាពលរដ្ឋ ដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក

0

ខេត្តសៀមរាប៖ប្រសិនបើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១៣ ខែកញ្ញា ស្អែកនេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញមកខេត្តសៀមរាប នឹងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលនឹងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក។

សូមជម្រាបថា នៅថ្ងៃចន្ទនេះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានចុះទៅពិនិត្យមើលការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិធម្មជាតិរុនតាឯក តែស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

គួរបញ្ចាក់ថា ការអភិវឌ្ឍលើផ្ទៃដីទំហំ ១,០៨០ ហិកតា ស្ថិតក្នុងឃុំរុនតាឯក នៃស្រុកបន្ទាស្រី ខេត្តសៀមរាប នេះ នឹងធ្វើការបែងចែកជា ៦,០០៥ឡូតិ៍ ដែលក្នុងមួយឡូតិ៍ មានទំហំ ២០គុណនឹង៣០ម៉ែត្រ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលនឹងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ។ ក្នុងគម្រោងអភិវឌ្ឍនេះដែរ ក៏មានដូចជា សាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ មណ្ឌលសុខភាព ទីតាំងផ្សារ វត្តអារាម និងអាគាររដ្ឋបាល សាធារណៈជាដើម។

បច្ចុប្បន្ននេះ កងវិស្វកម្មសម្ដេចតេជោ ក្រោមការរៀបចំដោយក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការឈូសឆាយសម្ងាតផ្ទៃដី រៀបចំផ្លូវខ្វាត់ខ្វែង ប្រព័ន្ធផ្លូវទឹក ការដាក់លេខសម្គាល់ឡូតិ៍ បន្ទាប់ពីប្រជាពលរដ្ឋ ធ្វើការចាប់ឆ្នោតរួចរាល់។

តាមការវាយតម្លៃ គម្រោងភូមិធម្មជាតិរុនតាឯក នឹងក្លាយទៅជាភូមិអេកូទេសចរណ៍ និងជាទីប្រជុំជនថ្មីមួយបន្ថែម ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គ្រោងនឹងសាងសង់រួចរាល់ និងចាប់ដំណើរការនៅឆ្នាំ២០២៣ខាងមុខនេះ។

សម្រាប់ភូមិសាស្ត្រ របស់ភូមិធម្មជាតិរុនតាឯក គឺមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងសៀមរាប និងប្រហែល ២០គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៃស្រុកសូទ្រនិគម។ បន្ថែមលើសពីនេះ ភូមិធម្មជាតិរុនតាឯក ក៏នៅកៀកនឹងទីតាំងរមណីយដ្ឋានធម្មជាតិ និងកែច្នៃជាច្រើន ស្ថិតក្នុងស្រុកបន្ទាយស្រី ដែលជាតំបន់ទេសចរណ៍ក្រៅពីប្រាសាទ។

សូមរំលឹកថា កាលពីដើមខែកញ្ញា នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងក្រសួងបរិស្ថាន និង ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍន៍ តំបន់ភូមិធម្មជាតិរុនតាឯក ដល់ប្រជាពលរដ្ឋ គ្រោងនឹងផ្លាស់ប្ដូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរចំនួន ១០១គ្រួសារ មួយរួមជាមួយការជួយឧបត្ថម្ភគាំទ្រទៅលើបច្ចេកទេសដាំដុះ រុក្ខជាតិហូបផ្លែរបស់រាជរដ្ឋាភិបាលផងដែរ៕SRP

«រូបថត សម្ដេចហ៊ុន សែន ក្នុងឱកាសធ្វើដំណើរតាមរថយន្ត អញ្ជើញមកខេត្តសៀមរាប កាលពីថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២២»