លោក​ អ៊ុន​ ចាន់ដា​៖ រដ្ឋបាលខេត្តនឹងរៀបចំដង្ហែអង្គកឋិនទាន​ ចូលវត្តជោតនារាមបឹងកុក​​​ ដេីម្បីគៀងគរ​បច្ច័យ​កសាងកុដិ ឲ្យ សាមណសិស្ស​ និស្សិតស្នាក់អាស្រ័យ​

0

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អះអាងថា​ រដ្ឋបាល​ខេត្ត​ នឹង​រៀបចំដង្ហែ​អង្គកឋិន​ទានមួយ ចូលវត្តជោតនារាម បឹងកុក​ ក្នុងពេលឆាប់ៗ​ ខាងមុខនេះ​​ ដេីម្បីគៀងគរ​បច្ច័យ​ ឧបត្ថម្ភគាំទ្រដល់ការងារកសាងកុដិ ឲ្យ សាមណសិស្ស​ និស្សិតស្នាក់អាស្រ័យ​ នៅបួសរៀន​ ខណៈ​គម្រោង​កសាង​នេះ​ នៅខ្វះ​ថវិកា​ប្រមាណ​ជាង​១០ម៉ឺន​ដុល្លារ​។

ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាសនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃ សម្រាប់បិណ្ឌវេនទី២ នៅវត្តចំនួន២ ក្នុងក្រុងកំពង់ចាម​​​ ។

គួរ​បញ្ជាក់​ថា​ នៅព្រឹក​ថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំ លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាការ មន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃ នៅវត្តខេមវ័ន្តបឹងស្នាយ «ហៅវត្តថ្មី» ស្ថិតនៅក្នុងសង្កាត់សំបួរមាស និងវត្តជោតនារាមបឹងកុក «ហៅវត្តបឹងកុក» ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាឱកាស​នោះ​ដែរ លោក ខ្លូត ផន និងលោក អ៊ុន ចាន់ដា ព្រមទាំង សហការី បាននាំយកទេយ្យវត្ថុប្រគេន ដល់វត្តទាំង ២ខាងលើ ដោយក្នុង ១វត្ត ៖ អង្ករ​ ១០០គីឡូ​ក្រាម ទឹកសុទ្ធ​ ៥កេស​ ទឹកក្រូច​ ៥កេស​ ទឹកដោះគោខាប់​ ១កេស​ធំ​ តែ​ ៥កញ្ចប់​ ស្ករស ៥គ.ក្រ​ មី ១កេសធំ ត្រីខ​ ១យួរ​ និងបច្ច័យកសាង ចំនួន​ ៥លាន.៨១ម៉ឺន​រៀល​ ចំពោះ​ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ប្រគេន ទេយ្យវត្ថុ ចំនួន ១ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក​ផងដែរ​៕SRP