ខេត្តកំពង់ចាម៖ក្នុងឱកាសប្រកាសជាផ្លូវការ លើសេចក្តីសម្រេចចាត់តាំង ជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម លោក ហ៊ុន ម៉ានិត បានអះអាងថា រូបខ្ញុំបាទ និងក្រុមការងារ សូមបេ្តជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងបម្រេីការងារជូនគណបក្សប្រជាជនកម្ពុជា បម្រេីប្រជាជន ដើម្បីជាប្រយោជន៍ដល់ភូមិ ឃុំ និងប្រទេសជាតិយើងទាំងមូល។
ក្នុងពិធី លោកហ៊ុន ម៉ានិត សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្ត និងចាត់តាំងរូបខ្ញុំ ដើម្បីបំពេញការងារដ៏សំខាន់ជូនគណបក្សប្រជាជនកម្ពុជា។
លោកហ៊ុន ម៉ានិត បានបន្តថា កាលពីការបោះឆ្នោតជ្រេីសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅ ខេត្តកំពង់ចាមរបស់យើង បានទទួលលទ្ធផលជាទីគាប់ចិត្ត។ លទ្ធផលទាំងនេះ គឺជាស្នាដៃ កិច្ចខិតខំប្រឹងប្រែង ឆន្ទៈ ការលះបង់ពេលវេលា ការចំណាយថវិកាផ្ទាល់ខ្លួន និងការចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារគណបក្ស និងមន្ត្រីគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានសហការគ្នា រួមគ្នា និងបង្កើនសាមគ្គីភាព ធ្វើការបម្រើប្រជាជន ស្វែងរកផលប្រយោជន៍ជូនមូលដ្ឋាន និងប្រជាជន។
សូមថ្លែងអំណរគុណដល់បងប្អូន ពូមីង លោកយាយលោកតា ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ គឺបានសរបញ្ជាក់ពីការស្រលាញ់ពេញចិត្ត ជឿទុកចិត្ត ទៅលើការការដឹកនាំរបស់រាជរដ្ឋាភិបាល និងការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍជានិរន្តរ៍ ប្រកបដោយស្ថិរភាព និងសុខសន្តិភាពពេញលេញ។
សូមជម្រាបថាកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ បានធ្វើឡើងនៅព្រឹកមិញនេះ ក្រោមអធិបតីភាព លោក យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម៕SRP

