លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យ ខិតខំបម្រើ​ដោះស្រាយ រាល់បញ្ហា អសកម្មផ្សេងៗ​ ជូន​ប្រជាពលរដ្ឋ​

0

ខេត្តកំពង់ចាម៖ មាន​ប្រសាសន៍​ក្នុង​កកិច្ចប្រជុំលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានណែនាំ​ដល់​សមាជិក សមាជិកាគណបក្ស​ ដើម្បីធានាភាពឈ្នះ​ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ​ គឺ​ត្រូវខិតខំធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន រក្សាឲ្យបាននូវសំឡេងគាំទ្រគណបក្សយើងដែលមានក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ និងឈានទៅកសាងកម្លាំងគាំទ្រថ្មី ជាពិសេសក្នុងស្រទាប់យុវជនដែលគ្រប់អាយុបោះឆ្នោត​ ក្រៅពីនោះ​ត្រូវ​ពង្រឹងស្មារតីទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សយើងដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី​ ត្រូវ​ខិតខំបម្រើ​ដោះស្រាយរាល់បញ្ហាអសកម្មផ្សេងៗ​ ជូន​ប្រជាពលរដ្ឋ​ និង​បន្តជំរុញការកសាងក្រុមបក្សភូមិ និងពង្រីកសមាជិកថ្មីបន្ថែមផងដែរ​។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ​២០២៣​ ដែលបានធ្វើឡេីងនៅសាលប្រជុំសសរ១០០សម្តេចតេជោ ក្រុងកំពង់ចាម នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ​២០២២​ នេះលោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម​ ក៏បានផ្តាំផ្ញេី​​ដល់​សមាជិក សមាជិកាគណបក្ស​​ ត្រូវ​ជំរុញកំណែទម្រង់ស៊ីជម្រៅនៅគ្រប់ មន្ទីរអង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីធានានូវអភិបាលកិច្ចល្អ តាម​រយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ដោយមានភាពជឿទុកចិត្ត ពីប្រជាជន និងធានាយុត្តិធម៌សង្គម ជាពិសេស​ត្រូវបន្តរៀបចំការងារឲ្យបានល្អ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើស តាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ជាបន្តទៀត។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​នេះ​ ក៏​មាន​ការ​ប្រកាស​សេចក្ដីសម្រេចទទួលស្គាល់​ លោក ហ៊ុន ម៉ានិត ជាអនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម​ផងដែរ​៕SRP