លោក​ យឹម ឆៃលី​ ប្រាប់មន្ត្រីឲ្យលុបបំបាត់ ជំងឺបក្សពួកគ្រួសារនិយម និងអំពើពុករលួយគ្រប់រូបភាព

0

ខេត្តកំពង់ចាម​៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ បានថ្លែងប្រាប់ដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដោយត្រូវលុបបំបាត់ឲ្យអស់នូវជំងឺបក្សពួកគ្រួសារនិយម ជំងឺពើងទ្រូងដាក់ប្រជាជន និងអំពើពុករលួយគ្រប់រូបភាព នៅក្នុងមូលដ្ឋានរបស់ខ្លួន​ ហេីយត្រូវគ្រប់គ្រង ប្រកបដោយការយកចិត្តទុកដាក់ និងយុត្តិធម៌ ដល់ប្រជាពលរដ្ឋទូទៅ​ នៅក្នុងមូលដ្ឋានរបស់ខ្លួន​។

លោកថ្លែង​បែប​នេះ​ក្នុង​ពិធីជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា​ ស្រុកស្រីសន្ធរ​ នៅថ្ងៃអង្គរនេះ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្ត​ និង​ថ្នាក់ដឹកនាំ​ សមាជិក​ ​សមាជិកា​បក្ស​ជា​ច្រើន​រូប​ទៀត​។

ក្នុង​ពិធី​នោះដែរ​ លោក​​យឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម​ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូត ដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា​ ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជន​ ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់​ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។​

លោក​​ក៏បាន​ណែនាំ​ដល់​មន្ត្រី​បក្ស​ទាំងអស់​ ​ត្រូវ​បេីក​វេទិកា​សាធារណៈ​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដេីម្បី​ឲ្យ​បាន​ដឹង​ថា​ ប្រជាពលរដ្ឋ​ខ្វះខាត​អ្វី​ ​និងត្រូវ​ការ​អ្វី​ ហេីយយើង​ត្រូវ​ដោះស្រាយ​ជូន​គាត់​។ លេីសពី​នោះ​ត្រូវ​បន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ គឺ​ត្រូវ​ខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស​ត្រូវ​ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត​ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។​ ហើយ​ត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព​។

លោក​យឹម ឆៃលី​ ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់​ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ ប្រជា​ពលរដ្ឋ​ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។​ ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា​ឲ្យដូចភ្លៀងរលឹម។ លេីសពី​នោះ​ត្រូវបន្តថែរក្សាសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការ ចូលរួមរបស់ ប្រជា​ពលរដ្ឋ​ ក្នុងការថែទាំសមិទ្ធផលផងដែរ​៕SRP