មានការលើកឡើងថាប្រធានសាខាគយ និងរដ្ឋាករ នៅតាមបណ្តារាជធានី ខេត្ត មួយចំនួន ដែលសំបូររឿងអាស្រូវ ត្រូវបានផ្លាស់ប្តូរ ពោលគឺ ក្រោមរូបភាពប្តូរពី ប្រធានសាខាគយ និងរដ្ឋាករ ពីខេត្តមួយ ទៅខេត្តមួយ តែប៉ុណ្ណោះ។ ចំណែកអនុប្រធាន សាខាគយ និងរដ្ឋាករ នៅខេត្តដែលត្រូវផ្លាស់ប្តូរនោះ គឺពុំត្រូវបានឡើងជា ប្រធាននោះទេ ដែលជាហេតុធ្វើឲ្យមន្ត្រីមួយចំនួន មានការមិនសប្បាយចិត្ត និងបានរិះគន់លើការផ្លាស់ប្តូរនេះ ពុំមានតម្លាភាពត្រឹមត្រូវ។
ប្រភពបានលើកឡើងទៀតថា ប្រធានសាខាគយ និងរដ្ឋាករ ដែលត្រូវផ្លាស់ប្តូរ មានដូចជា៖ លោក សំ កុសល អតីតប្រធាន សាខាគយ និងរដ្ឋាករ ខេត្តកោះកុង ត្រូវផ្ទេរទៅកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ធំ។ លោក ទុំ ណូ អតីតប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ត្រូវផ្ទេរទៅ កាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង។ លោក កែវ វ៉ាន្នី ប្រធានសាខា គយ និងរដ្ឋាករ ខេត្តតាកែវ ត្រូវផ្ទេរទៅប្រធានសាខាផែអន្តរជាតិភ្នំពេញ។ លោក ស៊ុន ឆាយ ប្រធានសាខាផែអន្តរជាតិភ្នំពេញ ត្រូវផ្ទេរទៅកាន់តំណែងប្រធានសាខាគយ និងរដ្ឋាករ ខេត្តតាកែវ។ លោក យឹង សំអន អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ត្រូវផ្ទេរទៅកាន់តំណែង ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន។ លោក សំ សុវណ្ណារិទ្ធិ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ត្រូវបានទៅកាន់តំណែង ប្រធានសាខាគយ និងរដ្ឋាករ ប្រចាំខេត្តព្រះសីហនុ។
ប្រភពពីមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហើបឲ្យដឹងថា៖ ចំណែកប្រធានសាខាគយ និងរដ្ឋាករមួយចំនួន ដែលដល់អាយុចូលវត្តន៍មួយចំនួន គឺមិនព្រមចូលទេ ដោយរត់ការសុំ ពន្យារកំណើត នៅកាន់តំណែងចាស់ដដែល។ ចំពោះការផ្លាស់ប្តូរប្រធានសាខាគយ និងរដ្ឋាករ មួយចំនួន ខាងលើនេះ គឺប្តូរតែពីប្រធានសាខាគយ និងរដ្ឋាករ ពីខេត្តមួយទៅកាន់ ខេត្តមួយតែប៉ុណ្ណោះ។ ចំណែកអនុប្រធានសាខា ដែលនៅខេត្តសាម៉ី គឺមិនបានឡើង តំណែងនោះទេ ការផ្លាស់ប្តូរនេះ គឺធ្វើនេះគ្រាន់តែល្អមើលតែប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តថា៖ ប្រធានសាខាគយ និងរដ្ឋាករ ដែលផ្លាស់ប្តូរពីខេត្តមួយ ទៅកាន់ ខេត្តមួយ គឺសុទ្ធតែមានការពាក់ព័ន្ធរឿងអាស្រូវផងដែរ។ ហើយការផ្លាស់ប្តូរនេះ គួរតែផ្តល់ ឱកាស ដល់អនុប្រធានដែលនៅខេត្តសាម៉ី ដែលខិតខំធ្វើការ កុំដើម្បីតែផលប្រយោជន៍ លាភ សក្តារៈ ពុំគិតដល់មន្ត្រីថ្នាក់ក្រោមៗ ដែលខំធ្វើការនោះ។
ករណីបែបនេះមន្ត្រីសាខាគយ និងរដ្ឋាករ មួយចំនួន បានសំណូមពរដល់ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យមើលការផ្លាស់ប្តូរ ប្រធានសាខាគយ និងរដ្ឋាករ នៅតាមបណ្តាខេត្តមួយចំនួនឡើងវិញផង។
ជុំវិញការផ្លាស់ប្តូរប្រធានសាខាគយ និងរដ្ឋាករ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឡើយទេ៕SRP

