អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវ​ដល់​សិស្ស ឲ្យចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន

0

ខេត្តត្បូងឃ្មុំ​៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាន​អំពាវនាវ​ ដល់​ សិស្សានុសិស្ស ជាយុវជនគំរូនិងជាជនបង្គោល ឲ្យចូលរួមដំណើរការ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ តាមរយ:ការថែទាំខ្លួនឱ្យស្អាតស្អំ មិនប៉ះពាល់ជាមួយនឹងគ្រឿងញៀន និងជួយអប់រំណែនាំមិត្តភក្តិ និងគ្រួសារចៀសឱ្យឆ្ងាយពី គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ​។

ការ​ស្នេីឡេីង​បែប​នេះ​ ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌»​ នៅថ្ងៃទី​១២​ ម្សិលមិញ។

លោក ជាម ច័ន្ទសោភ័ណ ក៏បាន​ស្នេីដល់​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតឹងរឹងបំផុតជៀសវាង ឲ្យបានជាដាច់ខាត់គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើស គ្រឿងញៀន ពិសេស​ គឺ​ត្រូវបង្ការបង្រ្កាបរាល់បទល្មើស គ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន អោយមានប្រសិទ្ធភាព​បំផុត​។

លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់អាជ្ញាធរសមត្ថកិច្ច ដែលពាក់ព័ន្ធ ត្រូវបន្តធ្វើសកម្មភាព ផ្សព្វផ្សាយ អប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យ មានការចូលរួម និងគាំទ្រពីគ្រប់សមាសភាព នៃសង្គម សំដៅធ្វើយ៉ាងណា ឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់ អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន។​

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​នេះក៏មានការដុតបំផ្លាញ​ចោល​នូវគ្រឿងញៀន ដែលទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ ដែលបង្ក្រាបបានក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ចាម​ផងដែរ​៕SRP