លោក​ អ៊ុន​ ចាន់ដា​ ឲ្យពន្លឿនការរៀបចំសេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ទឹក តាមរយ:អេប​ ទូរស័ព្ទដៃ​​

0

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជំរុញដល់​អង្គភាព​រដ្ឋាករ​ទឹកខេត្តកំពង់ចាម​ ឲ្យពន្លឿនការរៀបចំសេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ ទឹកស្អាតតាមរយៈអេប​ ទូរស័ព្ទដៃ​​ (ធនាគារ​ឯកជន​)​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល រហ័ស​ទាន់ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់បន្ថែម​ទៀត​ជូន​ដល់​អតិថិជន​។

ការ​ស្នេីឡេីង​បែប​នេះ​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២​នេះ ក្រោម​វត្តមាន​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

ក្នុង​កិច្ចប្រជុ លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា​​ ខេត្តកំពង់ចាម​ ជា​ខេត្ត​ស៊ីវិល័យ​ មានការអភិវឌ្ឍ​ សង្គមវប្បធម៌​ និងសីលធម៌​ ដែលត្រូវបានគេចាត់ទុកថា មានភាពជឿនលឿនជាងមុន។ ដូច្នេះ​យើង​ត្រូវ​ពន្លឿន​ការ​រៀបចំ​ សេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ទឹកស្អាត តាមរយៈអេប​ ទូរស័ព្ទដៃ​​ ដែល​មាន​ដូចជា​ធនាគារ​ អេប៊ីអេ អេស៊ីលីដា ឬ​វីង ធ្វើ​យ៉ាងណា​ ឲ្យ​ប្រជាពលរដ្ឋ​ កាន់តែ​មាន​ការ​ងាយស្រួល​ និងមាន​លទ្ធភាព​ បង់​ប្រាក់​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត បាន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​ ដូច​ការ​បង់ប្រាក់​សេវា​អគ្គិសនី​ ដែល​មាន​អេប​រួច​ទៅ​ហើយ​នោះដែរ​។

គួរ​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រជុំ​នេះ​ ក៏​មាន​ការ​ប្រកាស​ទទួលស្គាល់​ ជា​មេធាវី ប្រចាំការ​ នៅ​រដ្ឋបាលខេត្តកំពង់ចាម ចំនួន​៤រូបផងដែរ​។
រួមមាន​៖​ ១. មេធាវី តែ ស៊ា​ង​រ៉ា​នឹ​ន​ , ២.​មេធាវី ផែន ណាក់​ , ៣.​មេធាវី សួស ព័រ និង ៤. មេធាវី យូ លឹម​ហួត។ តាម​ខ្លឹមសារប្រកា​សលេខ ៩៩២ ប្រក​.​ចុះ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០២២ ចុះហត្ថលេខា ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP