រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កាលណាពួកគាត់មានការងារធ្វើ​ មានប្រាក់ចំណូលនោះ ពួកគាត់ក៏លែងចូលព្រៃកាប់ឈើទន្ទ្រានដី ឬបរបាញ់សត្វទៀតដែរ

0

ខេត្តសៀមរាប៖ថ្លែងក្នុងឱកាសពិធីដាំកូនឈើហូបផ្លែចំនួន​ ៨០០ដេីម នៅមជ្ឈមណ្ឌល​សិក្សាស្រាវជ្រាវ​ និងអភិរក្ស​កេសរកូល​ សុខ​ អាន​ ភ្នំ​គូលែនដើម្បីអបអរសាទរ​ទិវាជីវៈចម្រុះអន្តរជាតិ ឆ្នាំ២០២២ នៅរសៀល​ថ្ងៃ​អង្គារ​ ម្សិលមិញ លោក
សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានមានប្រសាសន៍ថា៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម​ “ភ្នំគូលែន” មិនត្រឹមតែជាតំបន់ដែលមានជីវៈចម្រុះគ្រប់ប្រភេទនោះទេ ថែមទាំងជាទឹកដីពោរពេញដោយសម្បត្តិវប្បធម៌ អរិយធម៌ពីបុរាណផងដែរ។ ដូច្នេះ យើង នឹងធ្វើឱ្យឧទ្យានជាតិ មួយនេះឱ្យក្លាយជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយធ្វើយ៉ាងណាបង្កើននូវចំណូលជូនប្រជាសហគមន៍ តាមរយៈអេកូទេសចរណ៍ ការចិញ្ចឹមសត្វ ដាំដំណាំកសិកម្ម​ និងការកសាងសេដ្ឋកិច្ចមូលដ្ឋាន គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិ ពីព្រោះថា កាលណាជីវភាពក្នុងសហគមន៍រីកចម្រើន ពួកគាត់មានការងារធ្វើ​ មានប្រាក់ចំណូល នោះពួកគាត់ក៏លែងចូលព្រៃកាប់ឈើ ទន្ទ្រានដី ឬបរបាញ់សត្វទៀតដែរ។

លោក សាយ សំអាល់ ថា៖ជាក់ស្តែងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម​ “ភ្នំគូលែន” យើងបានបង្កើតស្ថានីយបន្សុទ្ធពូជជ្រូកកណ្តុរ សម្រាប់ចែកជូនដល់សហគមន៍ផ្សេងៗ ក្រៅពីទទួលប្រាក់ចំណូល​ ពីអនុផលព្រៃឈើ និងបានជំរុញឱ្យពួកគាត់ចិញ្ចឹមសត្វ ដាំដំណាំបន្លែបង្ការផ្សេងៗរួមផ្សំ​ ដើម្បីបង្កើនប្រាក់ចំណូល និងធានាបាននូវសន្តិសុខស្បៀងសម្រាប់សហគមន៍ ក៏ដូចជាតំបន់ការពារធម្មជាតិដែលពួកគាត់រស់នៅផងដែរ។

រដ្ឋមន្ត្រីបរិស្ថាន បានបន្ថែមថា​៖ ការដើរកម្សាន្ត របស់ភ្ញៀវទេសចរគ្រប់ទីកន្លែងក្នុងប្រទេស ក៏ដូចជា​ ការអភិវឌ្ឍសព្វបែបយ៉ាងដូចពេលបច្ចុប្បន្ននេះ គឺបានមកពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រកបានមកដោយកម្រ​ ហេតុនេះក្នុងនាមយើងជាមន្ត្រីរាជការស៊ីវិល និងអ្នកជំនាន់ក្រោយទាំងអស់​ ត្រូវតែថែរក្សាសុខសន្តិភាព ដែលយើងកំពុងមាននេះ បន្តទៅមុខទៀត ដើម្បីបន្តការអភិវឌ្ឍ រីកចម្រើននៃប្រទេសជាតិយើង៕SRP