ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានថ្លែងប្រាប់ប្រជាពលរដ្ឋ ថា បើមេភូមិនិងស្មៀនឃុំ បម្រើប្រជាពលរដ្ឋ មិនបានល្អ លោកនឹងស្នើឲ្យមានការផ្លាស់ប្ដូរចេញ។
លោកឃឹម ហ្វីណង់ បានលើកឡើងថា នៅថ្នាក់មូលដ្ឋានមានតួអង្គ ៥ សំខាន់ ទី១មេភូមិ ទី២ ស្មៀនឃុំ ទី៣មេឃុំ ទី៤មេប៉ុស្ដិ៍ និងទី៥ អាចប្រធានមណ្ឌលសុខភាព។ លោកបន្តថា ប្រសិនជាមេភូមិ មិនបម្រើប្រជាពលរដ្ឋ ឱ្យបានល្អទេ លោកនឹងស្នើឲ្យមានការបោះឆ្នោតសារជាថ្មី នៅតាមភូមិ ដើម្បីជ្រើសរើសមេភូមិថ្មី។ ជាមួយគ្នានេះលោកឃឹម ហ្វីណង់ ក៏បានបញ្ជាក់ផងដែរថា ស្មៀនឃុំ ក៏ដូចគ្នា ប្រសិនធ្វើការមិនបានល្អ ហើយមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋច្រើនលោកនឹងមានការស្នើឲ្យមានការផ្លាស់ប្ដូរផងដែរ។
លោកឃឹម ហ្វីណង់ មានប្រសាសន៍បែបនេះ ក្នុងឱកាសលោកចូលរួមពិធី ចែកប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដល់ប្រជាពលរដ្ឋនៅភូមិខ្នាររង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃសុក្រនេះ៕SR

