លោក ហ៊ុន ម៉ាណែត​៖​ បេះដូង ឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិនិងប្រជាជន

0

ខេត្តកំពង់ចាម​៖លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនថ្នាក់កណ្តាល​ បានថ្លែងថា​៖ រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយ គណបក្សប្រជាជន គឺតែងបានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារ ជាប្រចាំក្នុងគ្រប់អាណត្តិនីមួយៗ ដើម្បីដកពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ កែលម្អបញ្ហាអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណា បម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរពីមួយអាណត្តិ ទៅមួយអាណត្តិ “បេះដូង និងឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិ និងប្រជាជន ដោយឥតរុញរាក្នុងគ្រប់កាលៈទេសៈទាំងអស់”​៊

លោកថ្លែង​បែប​នេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខខែឧសភានេះ។ ​

លោក ហ៊ុន ម៉ាណែត​ បាន​លេីកឡេីងថា​ គណបក្សប្រជាជនកម្ពុជា ជាគណបក្ស តែងបានផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើងបែងចែក និងជាគណបក្សដែលមានស្នាដៃបទពិសោធន៍ ក្នុងអតីតកាល, មានសមត្ថភាព ថែរក្សាលំនឹងស្ថិរភាពក្នុងបច្ចុប្បន្នកាល និងអាចធានា បាននូវទំនុកចិត្តសម្រាប់អនាគតមួយដ៏ភ្លឺស្វាង។ ជាក់ស្តែង ក្នុងរយៈពេល ៤៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានងើបចេញពីវាលពិឃាត និងគំនរផេះផង់ រហូតក្លាយខ្លួនជាកោះសន្តិភាព, ជាគោលដៅទេសចរណ៍ លំដាប់ពិភពលោក, ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ចំណាត់ថ្នាក់, ជាប្រទេសប្តូរពីមានចំណូលទាបមកជាចំណូលមធ្យម, ជាប្រទេសជាប់ចំណាត់ថ្នាក់លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអ្វីដែលសំខាន់ជាប្រទេស ដែលផ្តល់ឱកាស និងលំហរសេរីភាពគ្រប់បែបយ៉ាងដល់ ប្រជាពលរដ្ឋ ជាពិសេសឱកាសសម្រាប់ការអភិវឌ្ឍខ្លួនដល់យុវជន និងកុមារ ក្នុងនាមជាអ្នកជំនាន់ក្រោយនៃសម័យកាលសង្គ្រាម។

លោក ហ៊ុន ម៉ាណែត​ ក៏បាន​ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ក្នុងស្រុកស្រីសន្ធរ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជន ក្នុងគ្រប់អាណត្តិកន្លងមក ពីព្រោះមានតែអ្នកស្រុកស្រីសន្ធរផ្ទាល់ ជាអ្នកបានឆ្លងកាត់ផ្ទាល់ និងស្គាល់ច្បាស់អំពីការអភិវឌ្ឍ រីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមបន្តគាំទ្រសំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះ និងទទួលបានជោគជ័យ ឱ្យបានលើសលប់បន្តទៀត។ ការអភិវឌ្ឍរីកចម្រើន នៅក្នុងមូលដ្ឋាននេះ ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវបេតុង ស្ពាន សាលារៀន មណ្ឌលសុខភាព ជាដើម ដែលទាំងអស់នេះ បានកើតឡើងពីការដឹកនាំ និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការរួមកម្លាំងញើសឈើសឈាម និងកិច្ចខិតខំប្រឹងប្រែងដ៏យូរឆ្នាំរបស់អាជ្ញាធរដែនដី, ក្រុមការងារគ្រប់យន្តការ, សប្បុរសជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ រហូតសម្រេចបាននូវវឌ្ឍនភាពសម្រាប់ភូមិឃុំយើងក្រោមម្លប់និរន្តរភាពនៃសន្តិភាព ស្ថិរភាព ដូចពេលនេះ៕SRP