គម្រោងផលិតជីសរីរាង្គ កែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ត្រូវបានបើកដ្ឋានសាងសង់ជាផ្លូវការ

0

ខេត្តសៀមរាប៖លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត​សៀមរាប បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។

លោកប្រាក់ សោភ័ណ បានបន្តថា ជីមមោគនេះ​ មានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេស សម្រាប់ដី ដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជី នេះ ធ្វើឱ្យដីនោះមានជីវជាតិ អាចធ្វើឱ្យកសិករបង្កបង្កើនផលទទួលបានទន្និផលខ្ពស់ ហើយសម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៥ឆ្នាំទើបបានផល។

សូមជម្រាបថានៅថ្ងៃពុធនេះ នៅសាលាខេត្ត​ លោក​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្ត​ បានជួបសម្តែងការគួរសមជាមួយលោកស្រី​ Arianna ARDESI តំណាងសមាគមអភិបាល ក្រុងនិយមនិយាយភាសាបារាំង (AIMF) ចូលរួមពិធីសម្ពោធការដ្ឋានសាងសង់ អគារផលិតជីសរីរាង្គ​ ស្ថិតនៅភូមិកន្រ្តក​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ធ្វើជីកសិកម្មជីមមោគ​ ដោយបង្កើតខ្សែសង្វាក់ផលិតជីសរីរាង្គជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យ កសិកម្ម។​

ជាមួយគ្នានេះ​ គម្រោងត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការដោយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស​ ហៅកាត់ថា​ SIAAP​ ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថា​ ASEN បានរួមគ្នាអនុវត្តនូវគម្រោងនេះឡេីង​ ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន​ ១,៧០០,០០០អឺរ៉ូ​ ដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង។​ ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន 45ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន1000គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ៕SRP