លោក​ អ៊ុន​ ចាន់ដា​ ប្រគល់ផ្ទះមនុស្សធម៌ទី៩ ដល់គ្រួសារ​ពលរដ្ឋ​ នៅស្រុកកងមាស​

0

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​  ដោយ​មានការនិមន្ត​ និង​អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​​ នៅថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ​២០២២​​នេះ​ បានប្រគល់ផ្ទះមនុស្សធម៌ទី៩ ជូនគ្រួសារប្រជាពលរដ្ឋ ឈ្មោះ វ៉ន វុធ អាយុ ៤៦ឆ្នាំ ដែលមានជីវភាពទ័លលំបាក រស់នៅភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ពិតមែន ស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-19 មានសភាពធូរស្រាល បង្កឱកាសអោយបើកប្រទេសឡើងវិញ ហើយថ្មីៗ នេះ រាជរដ្ឋាភិបាល បានដកចេញនូវកាតព្វកិច្ចម៉ាស់ តាមទីសាធារណ: យ៉ាងណាក្តី  តែយើងម្នាក់ៗ នៅតែត្រូវខិតខំថែទាំសុខភាព ការពារខ្លួនអោយបានជាប្រចាំ ដោយមិនត្រូវ មើលស្រាល បានឡើយ ពិសេស ត្រូវបន្តអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ ៣កុំ” និងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ទាំងដូសមូលដ្ឋាន និង ដូសជំរុញ អោយបានគ្រប់ៗគ្នា ដែលជួយអោយសហគមន៍មានភាពស៊ាំ ដោយបន្តរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី ផង និង ជួយការពារសរីរាង្គរបស់យើង ទប់ស្កាត់ការវាយលុកពីពពួកបម្លែងខ្លួនថ្មី កូវីដ-19 ផងដែរ។

គួរ​បញ្ជាក់​ថា​ លោក វ៉ន វុធ ជាប្រជាពលរដ្ឋ ដែលមានជីវភាពទ័លលំបាក ស្ថិតក្នុងប្រភេទ ក្រ ១ ទាំង២នាក់​ប្រពន្ធ​មានជម្ងឺប្រចាំកាយ។ សព្វថ្ងៃ ពួកគាត់ ត្រូវរ៉ាប់រង មើលថែចៅ តូចៗ ចំនួន ២នាក់ ដែលឪពុកម្តាយពួកគេ បានលែងលះគ្នា។ ទាំងពីរនាក់ ពុំមានមុខរបរទេ ពោលគឺ រស់នៅពឹងតែលើកូន ដែលធ្វើការនៅឯភ្នំពេញផ្តល់ឲ្យ ខណ:ពេលដែល ជីវភាពពួកគេ ក៏ជួបការខ្វះខាតស្រាប់។ ម៉្យាងក៏ត្រូវចិញ្ចឹមប្អូនៗ ៣នាក់ ផ្សេងទៀត ផងដែរ។ ដោយស្ថានភាពលំបាកបែបនេះ លោក អ៊ុន ចាន់ដា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី ភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០​លានរៀល​ ព្រមទាំងផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ ម៉ាស់ ២ប្រអប់ ចង្ក្រាន១ សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០០.០០០រៀល៕SRP