ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងប្រាប់ដល់ប្រជាពលរដ្ឋ ដែលទទួលបានក្បាលដីហើយ សូមបន្តនិតិវិធីរបស់ខ្លួនជាបន្តទៀត តាមការណែនាំរបស់មន្រ្ដីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីបានសិទ្ធិស្របច្បាប់លើម្ចាស់កម្មសិទ្ធិដីដែលប្រជាពលរដ្ឋទើបទទួលបាននាពេលនេះ។
លោក សុខ លូ បានមានប្រសាសន៍ថា បើទោះបីជាការប្រគល់នេះមានភាពយឺតយ៉ាវមែន តែការកាត់ដីចេញពីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ មិនមែនជារឿងងាយស្រួលទេ ដោយត្រូវការនិតិវីធីជាច្រើន ទើបអាចធ្វើការកាត់ចេញពីទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ។
លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីប្រគល់ដីជូនប្រជាពលរដ្ឋចំនួន៣៤ក្បាលដី ស្មើនឹង៣៤គ្រួសារ ដែលស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នៅថ្ងៃពុធនេះ។
សូមជម្រាបថាចំពោះក្បាលដីចំនួន៣៤ក្បាលដីដែលប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន៣៤គ្រួសារនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោលការណ៍កាត់ឆ្វៀលផ្ទៃដីទំហំ ៤,៤៦៧ ម៉ែត្រការ៉េ ចេញពីបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងពាណិជ្ជកម្ម (អង្គភាពប្រើប្រាស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង) ដើម្បីប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៤គ្រួសារ ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងកាត់ផ្ទៃដីទំហំ ២,១៥៥ម៉ែត្រការ៉េ សម្រាប់ធ្វើជាផ្លូវសាធារណ:៕SRP

